(សេអ៊ូល)៖ រយៈពេលប្រមាណជា១សប្តាហ៍មកនេះ កងកម្លាំងយោធាកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធបាញ់សព្វាវុធធំៗ​រួមគ្នា នៅក្បែរតំបន់ប្រទល់ជាប់ជាមួយកូរ៉េខាងជើង ខណៈទីក្រុងព្យុងយ៉ាងបានរិះគន់សម្ព័ន្ធមិត្តទាំងពីរថា កំពុងតែធ្វើសកម្មភាព ដែលនឹងរុញច្រានតំបន់ឧបទ្វីបកូរ៉េ ឱ្យធ្លាក់ចូលក្នុងភ្លើងសង្រ្គាមដ៏សន្ធោសន្ធៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៤ ខែមករា ឆ្នាំ២០២៤។

កូរ៉េខាងត្បូងបាននិយាយក្នុងសេចក្តីថ្លែងការណ៍ នាថ្ងៃព្រហស្បតិ៍នេះថា សមយុទ្ធខាងលើមានគោលដៅជាចម្បង គឺស្ទាបស្ទង់ក៏ដូចជាពង្រឹង​សមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធរួមគ្នា រវាងទីក្រុងសេអ៊ូលនិងទីក្រុងវ៉ាស៉ីនតោន ក្នុងករណីមានការឈ្លានពានពីសត្រូវ។ លំហាត់យោធានេះ ត្រូវបានចាប់ផ្តើមកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ហើយបញ្ចប់ទៅវិញនៅថ្ងៃព្រហស្បតិ៍នេះ។

ការធ្វើសមយុទ្ធនោះ មានការចូលរួម​ពីសព្វាវុធប្រយុទ្ធធំៗសរុបប្រហែលជាង ១១០គ្រឿង រួមមានរថក្រោះ និងប្រព័ន្ធកាំភ្លើងធំប្រឆាំងយន្តហោះចម្បាំងរបស់កូរ៉េខាងត្បូង ព្រមទាំងយន្តហោះវាយប្រហារ និងរថពាសដែកប្រយុទ្ធរបស់យោធាអាមេរិក ជាដើម។ រីឯកាលពីថ្ងៃពុធ កងទ័ពជើងទឹកកូរ៉េខាងត្បូង ក៏បានប្រកាសពីការធ្វើសមយុទ្ធបាញ់គ្រាប់ពិត និងការធ្វើលំហាត់យោធាប្រឆាំងនាវាមុជទឹក នៅឯដែនសមុទ្រភាគខាងកើតប្រទេសខ្លួន ថែមទៀតផង។

គួរបញ្ជាក់ថា ក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះ កូរ៉េខាងត្បូងនិងអាមេរិក បានបង្កើនជាខ្លាំងនូវទំហំនិងកម្រិតនៃការធ្វើសមយុទ្ធរួមគ្នា នៅចំពោះមុខការកើនឡើង នៃភាពតានតឹងក្នុងតំបន់ឧបទ្វីបកូរ៉េ ស្របពេលដែលទីក្រុងព្យុងយ៉ាង បានបន្តធ្វើតេស្តមីស៉ីលបាលិស្ទីគ​រយៈចម្ងាយឆ្ងាយៗ ហើយនិងអាវុធតាក់ទិចដទៃទៀត ដែលរចនាឡើងសម្រាប់វាយប្រហារលើគោលដៅ នៅកូរ៉េខាងត្បូង ព្រមទាំង​នៅតំបន់ប៉ាស៉ីហ្វិក។ ទន្ទឹមគ្នានេះ សហរដ្ឋអាមេរិក ក៏បានបង្កើនការចល័ត សព្វាវុធយុទ្ធសាស្រ្តរបស់ខ្លួន មកកាន់ឧបទ្វីបកូរ៉េផងដែរ ដូចជានាវាមុជទឹកបំពាក់អាវុធនុយក្លេអ៊ែរ នាវាផ្ទុកយន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ។ រីឯក្នុងសារដើមឆ្នាំថ្មីនេះ មេដឹកនាំកូរ៉េខាងជើង លោក គីម ​ជុងអ៊ុន បានបញ្ជាឱ្យកងទ័ពកូរ៉េខាងជើង ត្រៀមកម្ទេចកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក បើពួកគេហ៊ាន​បង្កជម្លោះមុន៕

រូបភាពពីក្រសួងការពារជាតិកូរ៉េខាងត្បូង