(ប៉េកាំង)៖ ចិន បាននិយាយថាកងទ័ពជើងទឹក និងអាកាសរបស់ខ្លួន បានដឹកនាំការល្បាតសមុទ្រនៅក្នុងតំបន់សមុទ្រចិនខាងត្បូង ជាការល្បាតមួយ ធ្វើឡើងក្នុងពេលដំណាលគ្នានឹងសហរដ្ឋអាមេរិក និងហ្វីលីពីន កំពុងធ្វើសមយុទ្ធរួមគ្នានៅក្នុងតំបន់តែមួយ ហើយនេះដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃ ភាពតានតឹងនៅក្នុងតំបន់ដែនទឹកជម្លោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែមករា ឆ្នាំ២០២៤។

នៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម កងទ័ពរំដោះប្រជាជនចិន PLA បានបញ្ជាក់ថាប្រតិបត្តិការល្បាតរបស់ខ្លួនធ្វើឡើងតាមទម្លាប់ ធម្មតា ដែលចាប់ផ្ដើមពីថ្ងៃពុធ រហូតដល់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្នុងគោលបំណងការពារដាច់ខាតនូវអធិបតេយ្យ ព្រមទាំងសន្តិសុខ សិទ្ធិ និងផលប្រយោជន៍ របស់ចិន។ PLA បន្ថែមថាកងទ័ពរបស់ខ្លួនក៏កំពុងប្រុងជើងការខ្ពស់ផងដែរ និងបានត្រៀមលក្ខណៈជាស្រេចដើម្បីទប់ស្កាត់រាល់សកម្មភាពយោធា ទាំងឡាយណាដែលអាចបង្កជាជម្លោះ និងភាពតានតឹងក្នុងតំបន់សមុទ្រចិនខាងត្បូង។ ប៉ុន្តែ PLA មិនបានឱ្យដឹងថាតើការល្បាតសមុទ្រត្រូវធ្វើនៅទីណា ឬក៏ថាតើមានប្រភេទយន្ដហោះចម្បាំង ឬនាវាចម្បាំងណាខ្លះចូលរួមនោះឡើយ?

គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្ដាហ៍នេះ សហរដ្ឋអាមេរិក និងហ្វីលីពីន ក៏បានចាប់ផ្ដើមធ្វើសមុយទ្ធសមុទ្ររួមគ្នាជាលើកទី២ ក្នុងរយៈពេលមិនដល់ ២ខែ ស្រួលបួលផង នៅសមុទ្រចិនខាងត្បូងផងដែរ។ ហ្វីលីពីនបានដាក់ពង្រាយនាវាចម្បាំង ៤គ្រឿង ឧទ្ធម្ភាគចក្រមានមុខងារច្រើនមួយគ្រឿង និងឧទ្ធម្ភាគចក្រប្រឆាំងនាវាមុជទឹកមួយគ្រឿង ឱ្យចូលរួមជាមួយនាវាផ្ទុកយន្ដហោះចម្បាំងមួយគ្រឿង នាវាពិឃាដ២គ្រឿង និងយន្ដហោះចម្បាំងជាច្រើន របស់សហរដ្ឋអាមេរិក៕

រូបភាពពី AFP