(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃពុធសប្ដាហ៍នេះបានស្នើឱ្យតុលាការកំពូលរបស់សហរដ្ឋអាមេរិក ធ្វើអន្តរាគមន៍ បន្ទាប់ពី តុលាការកំពូលប្រចាំរដ្ឋ Colorado បានចេញសាលក្រមសម្រេចហាមរូបលោកមិនឱ្យឈរឈ្មោះក្នុងការបោះឆ្នោតបឋម ឬការបោះឆ្នោតជ្រើសរើស បេក្ខជនប្រធានាធិបតីតំណាងឱ្យគណបក្សសាធារណរដ្ឋ នៅក្នុងរដ្ឋមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែមករា ឆ្នាំ២០២៤។

លោក ដូណាល់ ត្រាំ ដែលជាបេក្ខជននាំមុខគេនៅក្នុងចំណោមបេក្ខជនប្រធានាធិបតីដទៃមកពីគណបក្សសាធារណរដ្ឋ កំពុងប្ដឹងជំទាស់នឹងសាលក្រមរបស់ តុលាការកំពូល Colorado កាលពីថ្ងៃទី១៩ ខែធ្នូកន្លងទៅនេះ ដែលសម្រេចថាលោកមិនស័ក្តិសមកាន់តំណែងនៅសេតវិមាន និងបានហាមរូបលោកមិនឱ្យ ឈរឈ្មោះនៅក្នុងការបោះឆ្នោតបឋមរបស់គណបក្សសាធារណរដ្ឋក្នុងរដ្ឋ Colorado នៅឆ្នាំ២០២៤នេះ ដោយសំអាងលើច្បាប់រដ្ឋធម្មនុញ្ញអាមេរិកដែលចែង ពីការហាមឃាត់អ្នកដែលបានចូលរួមក្នុងសកម្មភាពឧទ្ទាម ឬបះបោរមិនឱ្យកាន់តំណែងនៅសេតវិមាន ឬក៏ឈរឈ្មោះបោះឆ្នោត។

នៅក្នុងពេលចេញសាលក្រមនោះដែរ តុលាការកំពូល Colorado បានព្យួរកាលចូលជាធរមាននៃការសម្រេចចិត្តនេះ រហូតដល់ថ្ងៃទី៤ ខែមករា ហើយបាន កត់សម្គាល់ថាលោក ត្រាំ នឹងនៅតែអាចឈរឈ្មោះក្នុងការបោះឆ្នោតបឋម ប្រសិនបើលោកបឹ្តងជំទាស់។ នៅក្នុងពាក្យបណ្ដឹងមួយ ក្រុមមេធាវីរបស់លោក ត្រាំ បានស្នើឱ្យតុលាការកំពូលអាមេរិកលុបចោលសាលក្រមសម្រេចរបស់តុលាការកំពូល Colorado ដោយសំអាងថាការសម្រេចពីសិទ្ធិស្របច្បាប់ ឬមិនស្របច្បាប់ ក្នុងការឈរឈ្មោះជាបេក្ខជនប្រធានាធិបតី គឺជាភារកិច្ចរបស់សភាទាំង២ របស់សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា នៅក្នុងសាលក្រមរបស់តុលាការកំពូលរដ្ឋ Colorado លោក ដូណាល់ ត្រាំ ត្រូវបានរកឃើញថាបានចូលរួម ក្នុងសកម្មភាពបះបោរមួយដែលនាំឱ្យ មានការវាយប្រហារលើវិមាន Capitol កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ តាមរយៈការជំរុញឱ្យអ្នកគាំទ្ររបស់លោករារាំងការប្រកាសពីជ័យជម្នះរបស់លោក ចូ បៃដិន ដោយសភាអាមេរិក និងអះអាងថាមានការលួចបន្លំសន្លឹកឆ្នោតក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០២០ ដែលនាំឱ្យរូបលោកចាញ់ លោក ចូ បៃដិន។ ក្រៅតែពីតុលាការកំពូលរដ្ឋ Colorado លោក ត្រាំ ក៏កំពុងប្ដឹងជំទាស់នឹងការសម្រេចចិត្តរបស់រដ្ឋ Maine កាលពីចុងខែធ្នូ ឆ្នាំ២០២៣ផងដែរ ដែលបានក្លាយជារដ្ឋទី២ នៅក្នុងសហរដ្ឋអាមេរិក សម្រេចហាមមិនឱ្យរូបលោកឈរឈ្មោះនៅក្នុងការបោះឆ្នោតបឋម ដោយផ្អែកដូចគ្នាលើច្បាប់រដ្ឋធម្មនុញ្ញ ដែលត្រូវបានតុលាការកំពូលរដ្ឋ Colorado យកមកសំអាង៕

រូបភាពពី Reuters