(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នឹងធ្វើដំណើរទៅកាន់តំបន់មជ្ឈិមបូព៌ាជាលើកទី៤ នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែមករានេះ ខណៈការភ័យខ្លាចកាន់តែកើនឡើងជុំវិញលទ្ធភាពដែលសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សា ផ្ទុះរាលដាលទៅជាសង្រ្គាមក្នុងតំបន់ ទាំងមូល។ នេះបើតាមមន្ត្រីអាមេរិកម្នាក់ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីអាមេរិកម្នាក់បានឱ្យដឹងកាលពីថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ថាលោកប្រមុខការទូតអាមេរិក នឹងចាក ចេញពីទីក្រុងវ៉ាស៊ីនតោន នៅល្ងាចនៅថ្ងៃព្រហស្បតិ៍ ក្នុងដំណើរទស្សនកិច្ចមួយទៅក្នុងតំបន់មជ្ឈិមបូព៌ា​ ក្នុងមានរួមបញ្ចូលទាំងអ៉ីស្រាអែលផងដែរ។

មន្ត្រីរូបនេះដដែលមិនបានបញ្ជាក់អ្វីលម្អិតបន្ថែមលើសពីនេះទេ តែក្នុងដំណើរទស្សនកិច្ចកន្លងមក លោក Blinken ក៏បានធ្វើទស្សនកិច្ចនៅតាមបណ្ដា ប្រទេសអារ៉ាប់មួយចំនួនដែរ។

គួរបញ្ជាក់ថា ប្រសិនបើត្រូវបានទទួលស្គាល់ជាផ្លូវការ វានឹងក្លាយជាដំណើរទស្សនកិច្ចលើកទី៤ របស់លោក Blinken ទៅកាន់តំបន់មជ្ឈិមបូព៌ា និងជាលើកទី៥ ទៅកាន់ប្រទេសអ៉ីស្រាអែល ដោយរាប់បញ្ចូលទាំងការអមដំណើរលោកប្រធានាធិបតីអាមេរិក ចូ បៃដិន ចាប់តាំងពីសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស ផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលាមក។ បន្ថែមពីលើនេះដំណឹងនៃដំណើរទស្សនកិច្ចនេះដែរ កើតមានឡើងចំពេលមានការភ័យខ្លាចកាន់តែខ្លាំងពីការរាលដាល សង្រ្គាមពីហ្កាហ្សា ចូលទៅក្នុងប្រទេសលីបង់ បន្ទាប់ពីអ៉ីស្រាអែលជាប់សង្ស័យថាបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសដោយសម្លាប់មេដឹកនាំរងម្នាក់ របស់ក្រុមហាម៉ាស នៅជាយរដ្ឋធានីបេរូត នៃប្រទេសលីបង់កាលពីថ្ងៃអង្គារកន្លងទៅនេះ៕

រូបភាពពី AFP