(តេហេរ៉ង់)៖ អ៉ីរ៉ង់កាលពីថ្ងៃពុធសប្ដាហ៍នេះ បានទម្លាក់ការទទួលខុសត្រូវលើអ៉ីស្រាអែល និងសហរដ្ឋអាមេរិក ចំពោះការវាយប្រហារបំផ្ទុះគ្រាប់បែក ២លើក នៅក្នុងចំណោមហ្វូងមនុស្សចូលរួមពិធីរំឮកវិញ្ញាណក្ខន្ធនៃខួប៤ឆ្នាំ នៃការសម្លាប់អតីតឧត្តមសេនីយ៍អ៉ីរ៉ង់ លោក Qasem Soleimani ក្នុងការវាយប្រហារយន្ដហោះដ្រូនរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែមករា ឆ្នាំ២០២៤។

តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ ហេតុការណ៍ផ្ទុះគ្រាប់បែកទាំង២លើកខាងលើ បានកើតឡើងនៅក្បែរផ្នូរបញ្ចុះសពលោក Qasem Soleimani នៅក្នុង ទីក្រុង Kerman ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសអ៉ីរ៉ង់ ដោយសម្លាប់មនុស្សយ៉ាងហោច ៩៥នាក់ ​និងរាប់សិបនាក់ផ្សេងទៀតរងរបួស។ មិនទាន់មាន ក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវលើការវាយប្រហារទេ។ តែអនុប្រធានផ្នែកកិច្ចការនយោបាយរបស់ប្រធានាធិបតីអ៉ីរ៉ង់ លោក Mohammad Jamshidi បានសរសេរនៅលើបណ្ដាញសង្គម X ថាសហរដ្ឋអាមេរិក និងអ៉ីស្រាអែលគឺជាអ្នកទទួលខុសត្រូវចំពោះអ្វីដែលលោកហៅថា ជាការវាយប្រហារភេរវកម្មប្រឆាំងអ៉ីរ៉ង់។ ចំណែក ប្រធានាធីបតីអ៉ីរ៉ង់ លោក Ebrahim Raisi បានថ្កោលទោសដោយចាត់ទុកថាការវាយប្រហារ បំផ្ទុះគ្រាប់បែកនោះ ជាទង្វើឃោរឃៅគ្មានមនុស្សធម៌ ខណៈមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Khamenei បានសន្យាសងសឹកវិញយ៉ាងចាស់ដៃ ចំពោះអ្នកនៅពីក្រោយការវាយប្រហារនេះ។

យ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកបានច្រានចោលការរាល់សន្មត់ ឬចោទប្រកាន់ថាទីក្រុងវ៉ាស៊ីនតោន ឬអ៉ីស្រាអែល មានជាប់ពាក់ព័ន្ធនឹង ការវាយប្រហារនេះ។ «សហរដ្ឋអាមេរិកមិនមានជាប់ពាក់ព័ន្ធឡើយ....ហើយយើងក៏គ្មានហេតុផលអ្វីត្រូវជឿថាអ៉ីស្រាអែលមានជាប់ពាក់ព័ន្ធនឹង ការផ្ទុះនេះនោះដែរ»។ នេះការបញ្ជាក់របស់លោក Matthew Miller អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក ដោយបន្ថែមថាការវាយប្រហារបំផ្ទុះ គ្រាប់បែកនៅអ៉ីរ៉ង់អាចជាស្នាដៃរបស់ក្រុម ISIS។

ដោយឡែក នៅពេលត្រូវបានសាកសួរដោយក្រុមអ្នកសារព័ត៌មានជុំវិញការបំផ្ទុះគ្រាប់បែកនេះដែរ អ្នកនាំពាក្យយោធាអ៉ីស្រាអែល លោក Daniel Hagari បានឆ្លើយថាអ៉ីស្រាអែលសព្វថ្ងៃកំពុងផ្តោតលើសង្រ្គាមជាមួយក្រុមហាម៉ាស។

គួរបញ្ជាក់ថា ការវាយប្រហារបំផ្ទុះគ្រាប់បែក ២លើក បានកើតឡើងនៅក្បែរផ្នូរបញ្ចុះសពមួយ ក្នុងទីក្រុង Kerman នាឱកាសដែលមនុស្សម្នាជាច្រើន នាក់បានចូលរួមពិធីរំឮកវិញ្ញាណក្ខន្ធនៃខួបឆ្នាំនៃការសម្លាប់អតីតឧត្តមសេនីយ៍អ៉ីរ៉ង់ លោក Qasem Soleimani ក្នុងការវាយប្រហារយន្ដហោះដ្រូន របស់សហរដ្ឋអាមេរិក ក្នុងទីក្រុងបាកដាដ ប្រទេសអ៉ីរ៉ាក់ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០៕

រូបភាពពី AFP