(តេហេរ៉ង់)៖ យ៉ាងហោចណាស់មនុស្ស ១០៣ នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ីរ៉ង់កាលពីថ្ងៃពុធ (៣ មករា) នៅពេលដែលគ្រាប់បែកពីរគ្រាប់បានផ្ទុះឡើងជាបន្តបន្ទាប់នៅក្នុងហ្វូងមនុស្ស ដែលកំពុងប្រារព្ធពិធីរំលឹកខួបវិញ្ញាណក្ខន្ធរបស់លោកឧត្តមសេនីយ៍ Qasem Soleimani នៅឯស្រុកកំណើតរបស់លោក។ នេះបើយោងតាមាការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤។

ការបំផ្ទុះគ្រាប់បែកដែលទូរទស្សន៍រដ្ឋបានពិពណ៌នាថាជា «ការវាយប្រហារភេរវកម្ម» បានកើតឡើងនៅពេលដែលភាពតានតឹងបានកើនឡើងនៅមជ្ឈិមបូព៌ា មួយថ្ងៃបន្ទាប់ពីមេបញ្ជាការទី២ របស់ហាម៉ាស លោក Saleh al-Arouri ដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក នៅក្នុងទីក្រុងបេរូតប្រទេសលីបង់។

អាជ្ញាធរបានគូសបញ្ជាក់ថា ការបំផ្ទុះនេះបានកើតឡើងនៅស្រុកកំណើតរបស់ ​លោកឧត្តមសេនីយ៍ Soleimani នៅភាគខាងត្បូងនៃប្រទេសអីរ៉ង់ ខណៈដែលអ្នកគាំទ្ររបស់លោកបានប្រមូលផ្តុំគ្នាដើម្បីរំលឹកខួបលើកទី ៤ នៃការស្លាប់របស់គាត់ នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អាមេរិក នៅខាងក្រៅអាកាសយានដ្ឋានបាកដាដ នៃប្រទេសអ៊ីរ៉ាក់។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្លូវការ​បាន​និយាយ​ថា មនុស្ស​យ៉ាង​ហោច​ណាស់ ១៧០ នាក់​ក៏​បាន​រង​របួស​ក្នុង​ការ​បំផ្ទុះ​គ្រាប់​បែក​នេះ​ដែរ។

ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់បានរាយការណ៍ឱ្យដឹងថា «កាបូបពីរដែលផ្ទុកគ្រាប់បែកបានផ្ទុះ» នៅកន្លែងកើតហេតុ ដោយបានបន្ថែមថា «ជនល្មើសនៃឧបទ្ទវហេតុនេះទំនង ជាបំផ្ទុះគ្រាប់បែកដោយការបញ្ជាពីចម្ងាយ»។

អភិបាលក្រុង Kerman លោក Saeed Tabrizi ដោយនិយាយថា ការផ្ទុះទាំងពីរបានផ្ទុះដាច់ពីគ្នារយៈពេល ១០នាទី។ ខ្សែ​វីដេអូ​តាម​អ៊ីនធឺណិត​បាន​បង្ហាញ​ពី​ហ្វូង​មនុស្ស​ដែល​កំពុង​រត់​គេច​ខ្លួន ខណៈ​ដែល​បុគ្គលិក​សន្តិសុខ​បាន​ព័ទ្ធ​ជុំវិញ​តំបន់​នោះ៕