(បេរូត)៖ ក្រុមហាម៉ាស និងប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសលីបង់ បានឱ្យដឹងថាការវាយប្រហារតាមផ្លូវអាកាសដោយអ៉ីស្រាអែលកាលពីយប់ថ្ងៃអង្គារ ទី២ ខែមករា លើការិយាល័យមួយ របស់ហាម៉ាស ស្ថិតនៅជាយទីក្រុងភាគខាងត្បូងនៃរដ្ឋធានីបេរូត ដែលជាមូលដ្ឋានដ៏រឹងមាំមួយរបស់ក្រុម Hezbollah គាំទ្រដោយអ៉ីរ៉ង់ បានសម្លាប់មនុស្សសរុប ៧នាក់ ក្នុងនោះរួមមានទាំងមេដឹកនាំរងម្នាក់ របស់ក្រុមហាម៉ាស គឺលោក Saleh al-Aruri ផងដែរ។

ខាងយោធាអ៉ីស្រាអែល មិនបានធ្វើអត្ថាធិប្បាយចំៗ ចំពោះការស្លាប់របស់លោក Aruri នោះទេ ប៉ុន្តែបាននិយាយថាយោធាខ្លួនបានប្រុងជើងការខ្ពស់ជាស្រេចសម្រាប់គ្រប់សេណារីយ៉ូ ទាំងអស់។ លោក Saleh al-Aruri គឺជាអនុប្រធានការិយាល័យនយោបាយរបស់ក្រុមហាម៉ាស និងជាស្ថាបនិកម្នាក់នៃកងពលតូចហាម៉ាស Al-Qassam។ លោក Aruri ក៏បាន ក្លាយជាមេដឹកនាំហាម៉ាសដំបូងគេបំផុតដែលត្រូវបានអ៉ីស្រាអែលធ្វើឃាត នៅក្រៅដែនដីប៉ាឡេស្ទីនផងដែរ ចាប់តាំងពីសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស ផ្ទុះឡើង កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។

ទាំងក្រុមហាម៉ាស និងក្រុម Hezbollah ដែលមានអ៉ីរ៉ង់ជាមេកើយសុទ្ធតែបានគំរាមសងសឹកទៅនឹងអ៉ីស្រាអែល។ ប៉ុន្តែ រឿងដែលសំខាន់ នោះគឺថាក្រុម Hezbollah នឹងធ្វើ ការសងសឹកដោយរបៀបណា? ក្នុងពេលបច្ចុប្បន្ន មេដឹកនាំកំពូលៗរបស់ក្រុមហាម៉ាស កំពុងរស់នៅរប៉ាត់រប៉ាយនៅក្រៅទឹកដីហ្កាហ្សា តួយ៉ាងដូចជាកាតា តួកគី និងលីបង់។ ទោះបីជាអ៉ីស្រាអែលបានប្រកាសឱ្យគេឯងដឹងពីផែនការតាមសម្លាប់ផ្ដាច់ពូជមន្ត្រីជាន់ខ្ពស់ និងមេដឹកនាំកំពូលៗរបស់ក្រុមហាម៉ាស នៅជុំវិញពិភពលោក ជាការសងសឹកទៅ នឹងការវាយប្រហាររបស់ហាម៉ាស កាលពីថ្ងៃទី៧ ខែតុលាក៏ដោយ ក៏មែនទែនទៅ អ៉ីស្រាអែលដឹងខ្លួនឯងយ៉ាងច្បាស់ថាការធ្វើឃាតមេដឹកនាំហាម៉ាសដូចជានៅកាតា និងតួកគី គឺជារឿងអាចធ្វើទៅបាន តែប្រថុយនឹងការខាតបង់ធ្ងន់ធ្ងរខាងនយោបាយការទូត។ ពីព្រោះកាតា បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការចរចាដោយផ្ទាល់ជាមួយហាម៉ាស ដើម្បីដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែល ហើយមួយវិញទៀត អ៉ីស្រាអែលក៏គ្មានហេតុផលអ្វីត្រូវបង្កភាពតានតឹងជាមួយប្រធានាធិបតីតួកគី លោក Erdogan ក្នុងពេលឥលូវនេះនោះដែរ។

ដូច្នេះ លីបង់គឺជាកន្លែងអំណោយផលមួយក្នុងការធ្វើឃាតមេដឹកនាំហាម៉ាស តែការធ្វើបែបនេះក៏ប្រថុយបង្កភាពតានតឹងរឹតតែខ្លាំងជាមួយក្រុម Hezbollah ដែរ។ អ៉ីស្រាអែល មិនបានទទួលស្គាល់ជាផ្លូវការថាខ្លួនជាអ្នកនៅពីក្រោយការធ្វើឃាតលោក al-Aruri ទេ ប៉ុន្តែការលើកឡើងរបស់ក្រុមមន្ត្រីអ៉ីស្រាអែលហាក់ដូចជាទទួលស្គាល់ ដោយប្រយោល។ ណាមួយក្រៅពីអ៉ីស្រាអែល ក៏គ្មានជនសង្ស័យផ្សេងទៀតនោះដែរ នេះក៏ព្រោះតែផែនការសម្លាប់លោក al-Arouri ធ្លាប់ត្រូវបានគេឮចេញពីសម្ដីគំរាមសម្លាប់ដោយផ្ទាល់ចេញពីមាត់ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu កាលពីរដូវក្ដៅឆ្នាំ២០២៣។

នៅពេលនោះដែរ មេដឹកនាំក្រុម Hezbollah លោក Hassan Nasrallah បានព្រមានវិញភ្លាមៗថាការធ្វើឃាតជនជាតិលីបង់ អ៉ីរ៉ង់ ឬប៉ាឡេស្ទីនដោយអ៉ីស្រាអែល នៅលើទឹកដី លីបង់ នឹងជំរុញឱ្យមានការឆ្លើយយ៉ាងខ្លាំងក្លាពី Hezbollah។ ប៉ុន្តែ ការនិយាយ និងការធ្វើសកម្មភាពមានការខុសប្លែកគ្នាស្រឡះ ជាពិសេសក្នុងបរិបទនៃសង្រ្គាមនៅហ្កាហ្សា សព្វថ្ងៃ។ ចាប់តាំងពីសង្រ្គាមហ្កាហ្សាផ្ទុះឡើងមក ក្រុម Hezbollah បានបើកការវាយប្រហារលើអ៉ីស្រាអែលជាប្រចាំ។ តែការវាយប្រហារនោះត្រូវបានគេមើលឃើញថាធ្វើឡើង យ៉ាងប្រុងប្រយ័ត្នជាទីបំផុត ដ្បិត Hezbollah ជាពិសេសគឺអ៉ីរ៉ង់ដឹងច្បាស់ថាការធ្វើសង្រ្គាមជាមួយអ៉ីស្រាអែល វាប្រៀបបានទៅនឹងការធ្វើសង្រ្គាមជាមួយសហរដ្ឋអាមេរិកដូច្នោះដែរ ហើយដែលសង្រ្គាមដោយផ្ទាល់បែបនេះមិនមែនជាយុទ្ធសាស្ត្រល្អសម្រាប់អ៉ីរ៉ង់នោះទេ។ កាលពីសប្ដាហ៍មុន អ៉ីស្រាអែលក៏ត្រូវបានរាយការណ៍ដែរថាបានបើកការវាយប្រហារតាម ផ្លូវអាកាសលើទីក្រុងដាម៉ាស ប្រទេសស៊ីរី ដោយបានសម្លាប់ឧត្តមសេនីយ៍ជាន់ខ្ពស់ម្នាក់របស់ឆ្មាំបដិវត្តន៍អ៉ីរ៉ង់ គឺ លោក Razi Mousavi។ អ៉ីរ៉ង់បាន គំរាមសងសឹកលើអ៉ីស្រាអែល តែការសងសឹកនៅតែមានការប្រុងប្រយ័ត្នជានិច្ច។

តែទោះជាបែបនេះក្ដី ហានិភ័យនៃការផ្ទុះរាលដាលកាន់តែធំនៃសង្រ្គាមនៅហ្កាហ្សា មិនមែនត្រូវបានលុបបំបាត់ចោលនោះទេ ហើយប្រាកដណាស់ ក្រុម Hezbollah គាំទ្រដោយ អ៉ីរ៉ង់ មិនអាចឱ្យអ៉ីស្រាអែលសម្លាប់មន្ត្រីជាន់ខ្ពស់ហាម៉ាសដែលជាសម្ព័ន្ធមិត្តរបស់ពួកគេ នៅលើទឹកដីរបស់ពួកគេដោយទទេនោះទេ។ ក្រុមហាម៉ាសមានសមត្ថភាពមានដែនកំណត់ ក្នុងការបាញ់គ្រាប់រ៉ុក្កែតចូលក្នុងភាគកណ្ដាលអ៉ីស្រាអែល តែគ្រោះថ្នាក់សម្រាប់អ៉ីស្រាអែល នោះគឺសកម្មភាពនៃចលនាប្រដាប់អាវុធហាម៉ាស នៅក្នុងប្រទេសលីបង់។ បណ្ដាញក្រុម ហាម៉ាសបានបាញ់គ្រាប់រ៉ុក្កែតជាច្រើនលើករួចហើយចេញពីភាគខាងត្បូងលីបង់លើអ៉ីស្រាអែល ក្រោមកិច្ចសហការជាមួយក្រុម Hezbollah។ ដូច្នេះមេដឹកនាំ Hezbollah លោក Nasrallah នឹងត្រូវសម្រេចចិត្តថាតើលោកគួរតែបើកដៃឱ្យបណ្ដាញក្រុមហាម៉ាសបង្កើនការវាយប្រហារលើអ៉ីស្រាអែល ចេញពីតំបន់ភាគខាងត្បូងនៃប្រទេសលីបង់ ដែរឬក៏យ៉ាងណា?

គួរបញ្ជាក់ថា គោលដៅធំរបស់អ៉ីស្រាអែលនៅពេលនេះ គឺមេដឹកនាំក្រុមហាម៉ាស លោក Yahya Sinwar ដែលត្រូវបានកងទ័ពអ៉ីស្រាអែលជឿជាក់ថាកំពុងលាក់ខ្លួន នៅក្នុងផ្លូវរូង ក្រោមដីនៃតំបន់ហ្កាហ្សា៕