(ម៉ានីល)៖ យោធាហ្វីលីពីនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃពុធនេះថា ហ្វីលីពីន និងសហរដ្ឋអាមេរិកបានចាប់ផ្តើមការល្បាតរួមគ្នា រ​យៈពេលពីរថ្ងៃនៅក្នុងសមុទ្រចិនខាងត្បូង ដែលជាទង្វើមួយទំនងជាធ្វើឱ្យចិនខឹងសម្បារ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP ​នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤។

ទំនាក់ទំនងផ្នែកសន្តិសុខរវាងប្រទេសសន្ធិសញ្ញាទាំងពីរត្រូវបានពង្រឹងបន្ថែមកាលពីឆ្នាំមុន ចំពេលមានភាពតានតឹងកើនឡើងនៅក្នុងសមុទ្រចិនខាងត្បូង ជាកន្លែងដែលហ្វីលីពីន និងចិនមានការប៉ះទង្គិចគ្នាជាបន្តបន្ទាប់ ហើយបានស្តីបន្ទោសគ្នាទៅវិញទៅមក។

មេបញ្ជាការកងកម្លាំងប្រដាប់អាវុធនៃប្រទេសហ្វីលីពីន ​លោក Romeo Brawner បាននិយាយថា សកម្មភាពយោធារួមគ្នាលើកទីពីរក្នុងសប្តាហ៍នេះតំណាងឱ្យ «ការរីកចម្រើនដ៏ធំមួយ» នៅក្នុងសម្ព័ន្ធភាពរបស់ទីក្រុងម៉ានីលជាមួយសហរដ្ឋអាមេរិក និងអន្តរប្រតិបត្តិការជាមួយយោធាសហរដ្ឋអាមេរិក។

លោក Brawner បាននិយាយដូច្នេះថា «សម្ព័ន្ធភាពរបស់យើងកាន់តែរឹងមាំជាងពេលណាៗទាំងអស់ ហើយវាកំពុងផ្ញើសារទៅកាន់ពិភពលោក។ នៅពេលប្រឈមមុខនឹងបញ្ហាក្នុងតំបន់ យើងកំពុងជំរុញឱ្យមានសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ និងដើម្បីតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ»។

គួរបញ្ជាក់ថា ការល្បាតរួមគ្នានេះទំនងធ្វើឱ្យចិនខឹងសម្បារកាន់តែខ្លាំង ចំពេលមានភាពតានតឹងកើនឡើងនៅភាគខាងត្បូងប្រទេសចិន។ ទីក្រុងប៉េកាំងបាននិយាយកាលពីសប្តាហ៍មុនថា ខ្លួននឹងមិនបិទភ្នែកចំពោះ «ការបង្កហេតុ និងការយាយី» ម្តងហើយម្តងទៀតរបស់ហ្វីលីពីននោះទេ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ចិន​ក៏បាន​ចោទប្រកាន់​ក្រុង​ម៉ានីល​ថា​ ពឹងផ្អែក​លើ​ការ​គាំទ្រ​របស់​សហរដ្ឋអាមេរិក​ដើម្បី​បន្ត​ប្រឆាំង​នឹង​ចិន៕