(មូស្គូ)៖ អាជ្ញាធររុស្ស៉ីបានឱ្យដឹងថា នៅថ្ងៃពុធនេះ អ៊ុយក្រែនបានបាញ់មីស៉ីលចំនួន១២គ្រឿង និងយន្តហោះដ្រូនប៉ុន្មានគ្រឿងទៀត មកលើតំបន់ Belgorod នៅភាគខាងត្បូងប្រទេសរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី៣ ខែមករា ឆ្នាំ២០២៤។
អភិបាលប្រចាំតំបន់ លោក Vyacheslav Gladkov បាននិយាយថា ស្ថានការណ៍បន្តមានភាពតានតឹងដដែល នៅ Belgorod ជាទីដែលរុស្ស៉ីបានអះអាងថា ជនស៉ីវិល២៥នាក់ ក្នុងនោះរួមមានទាំងក្មេង៥នាក់ បានបាត់បង់ជីវិត ក្នុងការវាយប្រហាររបស់អ៊ុយក្រែន កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ។ យ៉ាងណាមិញ មិនទាន់មានសេចក្តីរាយការណ៍ អំពីទំហំនៃការខូចខាត ឬមនុស្សរងគ្រោះថ្នាក់ដល់ជីវិត ក្នុងការវាយប្រហារថ្មីចុងក្រោយនេះ នៅឡើយទេ។
Belgorod ដូចទៅនឹងតំបន់រុស្ស៉ីដទៃទៀតដែរ ដែលនៅជាប់ព្រំប្រទល់ជាមួយអ៊ុយក្រែន គឺជារឿយៗបានរងការវាយប្រហារទ្រង់ទ្រាយតូចៗ ចាប់តាំងពីសង្រ្គាមបានផ្ទុះឡើងមក ប៉ុន្តែការវាយប្រហារកាលពីថ្ងៃសៅរ៍ គឺជាការវាយប្រហាររបស់អ៊ុយក្រែន ដែលបានបណ្តាលឱ្យមានមនុស្សស្លាប់ច្រើនបំផុត។ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានព្រមានថា រុស្ស៉ីនឹងធ្វើការសងសឹកត្រឡប់ទៅវិញ។ បើតាមអាជ្ញាធររុស្ស៉ី មនុស្សម្នាក់ក៏បានស្លាប់ និង៨នាក់ក៏បានរងរបួសផងដែរ នៅតំបន់ Belgorod កាលពីថ្ងៃអង្គារសប្តាហ៍នេះ។
គួរបញ្ជាក់ថា ការបង្កើនការវាយប្រហាររបស់អ៊ុយក្រែនលើតំបន់ Belgorod កើតមានឡើង បន្ទាប់ពីរុស្ស៉ីបានបង្កើនការវាយប្រហារតាមអាកាសលើអ៊ុយក្រែន។ ការវាយប្រហារទ្រង់ទ្រាយធំសម្បើមមួយរបស់រុស្ស៉ី ដោយមីស៉ីលនិងដ្រូនសរុបជាង១៥០គ្រាប់និងគ្រឿង ទៅលើអ៊ុយក្រែន បានសម្លាប់មនុស្សជិត៤០នាក់។ រីឯកាលពីថ្ងៃអង្គារ រុស្ស៉ីក៏បានបាញ់មីស៉ីលសរុបជិត១០០គ្រាប់ លើរដ្ឋធានីកៀវនិងទីក្រុង Kharkiv ផងដែរ ដែលបានធ្វើឱ្យជនស៉ីវិលយ៉ាងហោច៥នាក់ស្លាប់។ បើតាមការអះអាងកាលពីថ្ងៃអង្គារ របស់អាជ្ញាធរអ៊ុយក្រែន រុស្ស៉ីបានបាញ់មីស៉ីលនិងដ្រូនសរុបជាង៣០០គ្រាប់និងគ្រឿង មកលើទឹកដីអ៊ុយក្រែន គិតចាប់តាំងពីថ្ងៃសុក្រសប្តាហ៍មុន។ ចំពោះមុខ ការបង្កើនការវាយប្រហារតាមផ្លូវអាកាសដាក់គ្នាទៅវិញទៅមកនេះ អង្គការសហប្រជាជាតិបានចេញអំពាវនាវ ឱ្យបន្ធូរបន្ថយស្ថានការណ៍ក្នុងសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន ជាបន្ទាន់៕
រូបភាពពី AFP