(ប៉េកាំង)៖ នៅថ្ងៃពុធនេះ ក្រសួងការបរទេសចិនបានប្រកាសថា ប៉េកាំងមានឆន្ទៈក្នុងការផ្តល់ជំនួយចាំបាច់ដល់ជប៉ុន ដែលកំពុងរងគ្រោះដោយការរញ្ជួយដីដ៏ខ្លាំងក្លា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣ ខែមករា ឆ្នាំ២០២៤។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា មិនមានជនជាតិចិនណាម្នាក់ស្លាប់ ឬរបួសពីការរញ្ជួយដីក្នុងប្រទេសជប៉ុននេះទេ។ នៅពេលត្រូវបានសាកសួរអំពី ករណីឆេះយន្តហោះនៅឯអាកាសយានដ្ឋាន Haneda ទីក្រុងតូក្យូ កាលពីថ្ងៃអង្គារ លោក Wang ឆ្លើយតបថា មិនមានពលរដ្ឋចិនណាម្នាក់រងរបួសដែរ រីឯជប៉ុនក៏មិនបានស្នើសុំជំនួយណាមួយឡើយ។ ប៉ុន្តែមានអ្នកទេសចរហុងកុងចំនួន ១៤នាក់នៅលើយន្តហោះនោះ ហើយស្ថានទូតចិនប្រចាំប្រទេសជប៉ុន បានទាក់ទងជាមួយពួកគេហើយ។

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ ចំនួនអ្នក​ស្លាប់បានកើនឡើងដល់ ​៦២​នាក់​ហើយ នៅក្នុង​គ្រោះ​រញ្ជួយ​ដី​ដែលមាន​មនុស្ស​ស្លាប់​ច្រើន​បំផុត​នៅជប៉ុន ​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១៦​៕

រូបភាពពី Reuters