(តូក្យូ)៖ អាជ្ញាធរកំពុងនាំយកជំនួយទៅឲ្យអ្នកនៅរស់រានមានជីវិត ពីគ្រោះរញ្ជួយដីវាយប្រហារប្រទេសជប៉ុន ដែលប្រឈមមុខនឹងអាកាសធាតុដ៏ត្រជាក់ ព្រមជាមួយការព្យាករអំពីភ្លៀងធ្លាក់ខ្លាំង ខណៈដែលចំនួនអ្នកស្លាប់បានកើនឡើងដល់ ៦២នាក់គិតត្រឹមថ្ងៃពុធ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣ ខែមករា ឆ្នាំ២០២៤។

អាជ្ញាធរបាននិយាយថា ភ្លៀងធ្លាក់ខ្លាំងអាចកើតមាននៅក្នុងតំបន់រងគ្រោះនៅថ្ងៃពុធនេះ ដោយបង្កើនការភ័យខ្លាចពីបំណាក់ដី ដែលអាចរារាំងដល់កិច្ចខិតខំប្រឹងប្រែង ជួយសង្រ្គោះមនុស្សជាច្រើនកំពុងជាប់ក្រោមគំនរបែកបាក់។ ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធខូចខាត ហើយមានទីតាំងនៅដាច់ស្រយាលនៃតំបន់រងគ្រោះខ្លាំងបំផុត ធ្វើឲ្យកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះមានភាពស្មុគស្មាញ។ រីឯទំហំនៃការខូចខាតពេញលេញ និងតួលេខនៃអ្នកស្លាប់នៅតែមិនច្បាស់លាស់ ២ថ្ងៃមកហើយបន្ទាប់ពីការរញ្ជួយដី។

លោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បានប្រាប់សន្និសីទសារព័ត៌មាន ក្រោយកិច្ចប្រជុំឆ្លើយតបគ្រោះមហន្តរាយនៅថ្ងៃពុធនេះថា «វាមានរយៈពេលជាង ៤០ម៉ោងហើយចាប់តាំងពីការរញ្ជួយដីដំបូង។ នេះគឺជាការប្រយុទ្ធប្រឆាំងនឹងពេលវេលា ហើយខ្ញុំជឿថាឥឡូវនេះគឺជាពេលវេលាដ៏សំខាន់មួយនៅតំបន់រងគ្រោះ»។ លោក Kishida បានបន្ថែមថា រដ្ឋាភិបាលបានបើកផ្លូវសមុទ្រ ដើម្បីបញ្ជូនជំនួយ ហើយរថយន្តធុនធំមួយចំនួន ឥឡូវនេះអាចទៅដល់ចំណុចដែលរងគ្រោះខ្លាំងជាងគេ។

គួរបញ្ជាក់ថា បើតាមទូរទស្សន៍ជប៉ុន NHK ការរញ្ជួយដីក្នុងកម្រិតតិចតួចនៅតែបន្តវាយប្រហារតំបន់នោះ ដោយក្រុមពន្លត់អគ្គីភ័យកំពុងបន្តស្វែងរក អ្នកនៅមានជីវិតក្រោមគំនរបាក់បែកនៃអគារបាក់រលំ៕

រូបភាពពី Reuters