(ហាណូយ)៖ នៅថ្ងៃពុធនេះ អតីតរដ្ឋមន្រ្តីសុខាភិបាលនៃប្រទេសវៀតណាម ព្រមទាំងបុគ្គលសរុប៣៧នាក់ផ្សេងទៀត បានឡើងជំនុំជម្រះក្តីនៅតុលាការក្នុងទីក្រុងហាណូយ ពាក់ព័ន្ធសំណុំរឿង នៃការផលិតនិងចែកចាយឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ១៩ ដែលមានតម្លៃថ្លៃជ្រុល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី៣ ខែមករា ឆ្នាំ២០២៤។
ក្នុងរឿងអាស្រូវគេហៅថា The Viet A Scandal ក្រុមមន្រ្តីជាន់ខ្ពស់វៀតណាម បានរងការចោទប្រកាន់ថា បានជួយសម្របសម្រួល កិច្ចព្រមព្រៀងទំហំខ្ទង់រាប់លានដុល្លារ ដើម្បីផ្គត់ផ្គង់ទៅកាន់មន្ទីរពេទ្យនិងសហគមន៍នៅក្នុងប្រទេសវៀតណាម នូវឧបករណ៍ធ្វើតេស្តកូវីដ១៩ ដែលផលិតដោយក្រុមហ៊ុនឈ្មោះ Viet A នៅក្នុងតម្លៃមួយ ដែលត្រូវបានបំប៉ោងឱ្យថ្លៃជ្រុលខ្លាំង។ ក្នុងចំណោមបុគ្គលដែលបានឡើងសវនាការនាថ្ងៃពុធនេះ គឺរួមមានទាំងអតីតរដ្ឋមន្រ្តីសុខាភិបាល លោក Nguyen Thanh Long ដែលត្រូវបានចោទថា ទទួលសំណូកគិតជាទឹកប្រាក់២.២៥លានដុល្លារ និងអតីតអភិបាលក្រុងហាណូយ លោក Chu Ngoc Anh ដែលរងការចោទពីបទបំពានច្បាប់ ស្តីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ។
មន្រ្តីរដ្ឋាភិបាលព្រមទាំងធុរជននិងពាណិជ្ជករ សរុបទាំងអស់យ៉ាងហោច១០០នាក់ ត្រូវបានចាប់ខ្លួននៅទូទាំងប្រទេស ក្រោមការសង្ស័យជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវខាងលើ។ បើតាមការប៉ាន់ប្រមាណ ក្រុមហ៊ុន Viet A រកចំណូលពីរឿងនេះ បានប្រហែល១៧២លានដុល្លារ ក្នុងនោះ៣៤លានដុល្លារ ទំនងជាត្រូវបានបង្វិលទៅក្នុង ការសូកប៉ាន់មន្រ្តីរដ្ឋាភិបាល។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម ក្រុមហ៊ុន Viet A បានអះអាងថា ខ្លួនផលិតឧបករណ៍តេស្តកូវីដបានចំនួន៨.៧លានដើម អំលុងវិបត្តិជំងឺឆ្លងរាតត្បាតសកលនេះ ហើយភាគច្រើននៃឧបករណ៍ទាំងនោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ គ្លីនិក និងមណ្ឌលសុខភាព នៅទូទាំងប្រទេស។
គួរបញ្ជាក់ថា កាលពីឆ្នាំមុន មន្រ្តីរដ្ឋាភិបាលវៀតណាម៣នាក់ ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ខណៈរាប់សិបនាក់ផ្សេងទៀត ត្រូវបានកាត់ទោសដាក់ពន្ធនាគាររយៈពេលវែង ក្រោមការចោទប្រកាន់ពីបទស៉ីសំណូកនិងពុករលួយ ពាក់ព័ន្ធការរៀបចំជើងហោះហើរធ្វើមាតុភូមិនិវត្តន៍ប្រជាជនវៀតណាម ត្រឡប់មកពីក្រៅប្រទេស អំឡុងពេលកូវីដ។ ចំណែកកាលពីឆ្នាំ២០២២វិញ សភាវៀតណាមបានដកតំណែងឧបនាយករដ្ឋមន្រ្តី២រូប គឺលោក Pham Binh Minh និង Vu Duc Dam។
លោក Minh មានតួនាទីជារដ្ឋមន្រ្តីការបរទេស ដែលទទួលបន្ទុកដឹកនាំរៀបចំជើងហោះហើរខាងលើ ខណៈលោក Dam ទទួលបន្ទុកលើការចាត់ចែងវិធានការឆ្លើយតបកូវីដ១៩ នៅក្នុងប្រទេស។ យុទ្ធនាការបោសសំអាតអំពើពុករលួយនេះ ដែលដឹកនាំដោយអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ក៏បានមើលឃើញប្រធានាធិបតីវៀតណាមមុន គឺលោក Nguyen Xuan Phuc លាលែងពីតួនាទីផងដែរ ដើម្បីទទួលខុសត្រូវចំពោះកំហុសឆ្គងផ្សេងៗ ដែលក្រុមមន្រ្តីរដ្ឋាភិបាលនៅក្រោមឱវាទ បានប្រព្រឹត្ត៕