(ហ្សឺណែវ)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ប្រមុខសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (UN) លោក Volker Turk បានអំពាវនាវឱ្យ​មានការបន្ធូរបន្ថយជាបន្ទាន់នូវអរិភាព ក្នុងសង្រ្គាមរវាងរុស្ស៉ីនិងអ៊ុយក្រែន ចំពោះមុខការកើនឡើងនៃសកម្មភាពវាយប្រហារតាមផ្លូវអាកាស​ដាក់គ្នាទៅវិញទៅមក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី៣ ខែមករា ឆ្នាំ២០២៤។

ការិយាល័យសិទ្ធិមនុស្ស UN បានចេញសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «អរិភាពហាក់កំពុងតែមានការកើនឡើងខ្លាំងយ៉ាងគួរឱ្យបារម្ភ ហើយប្រជាជនស៉ីវិលរាប់សិបនាក់ បានបាត់បង់ជីវិត ទាំងនៅខាងអ៊ុយក្រែននិងនៅខាងរុស្ស៉ី។ ច្បាប់មនុស្សធម៌អន្តរជាតិហាមឃាត់ដាច់ខាត នូវការវាយប្រហារមិនរើសមុខ ក៏ដូចជាការវាយប្រហារ ប្រឆាំងគោលដៅស៉ីវិល។ លោក Volker Turk ទទូចឱ្យមានចំណាត់ការបន្ទាន់ ដើម្បីបន្ធូរបន្ថយការស្ថានការណ៍ ធានាការពារអាយុជីវិតជនស៉ីវិល និងគោរពច្បាប់អន្តរជាតិ»

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ រុស្ស៉ីបានប្រើមីស៉ីលជិត១០០គ្រាប់ វាយប្រហារលើទីក្រុងកៀវនិងតំបន់ជុំវិញ ព្រមទាំងលើទីក្រុង Kharkiv នៅភាគឦសានអ៊ុយក្រែន ហើយបណ្តាលឱ្យជនស៉ីវិលយ៉ាងហោច៥នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀតទទួលរងរបួស បន្ទាប់ពីប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន កាលពីថ្ងៃចន្ទ បានប្តេជ្ញាសងសឹក ក្រោយការវាយប្រហារធំមួយរបស់អ៊ុយក្រែន ដែលទីក្រុងមូស្គូអះអាងថា បានសម្លាប់ជនស៉ីវិល២៥នាក់ នៅទីក្រុង Belgorod នៃប្រទេសរុស្ស៉ី។ ស្ថានការណ៍នៃសង្រ្គាម បានកើនឡើងកម្តៅនាពេលថ្មីៗកន្លងទៅនេះ ដោយកាលពីថ្ងៃសុក្រសប្តាហ៍មុន រុស្ស៉ីបានបើកការវាយប្រហារក្នុងទ្រង់ទ្រាយដ៏ធំសម្បើមមួយ លើទីក្រុងជាច្រើនរបស់អ៊ុយក្រែន រួមមានទាំងរដ្ឋធានីកៀវ ហើយផ្តាច់ជីវិតមនុស្ស​សរុបជិត៤០នាក់៕

រូបភាពពី Reuters