(តៃប៉ិ)៖ មន្រ្តីជាន់ខ្ពស់ចិនមួយរូបនៅថ្ងៃពុធនេះ បានទទូចឱ្យប្រជាជនតៃវ៉ាន់ជ្រើសរើសយក «ជម្រើសដែលត្រឹមត្រូវ» ក្នុងការបោះឆ្នោតសកល ដែលនឹងប្រព្រឹត្តទៅនាចុងសប្តាហ៍ក្រោយ ហើយមន្រ្តីរូបដដែលបានចាត់ទុកការបោះឆ្នោតនោះថា គឺជាការជ្រើសរើសរវាងសុខសន្តិភាពនិងសង្រ្គាម ក៏ដូចជារវាងវិបុលភាពនិងភាពចុះអន់ថយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤។

លោក Zhang Zhijun ប្រធានសមាគមនៃប្រទេសចិន ទទួលបន្ទុកទំនាក់ទំនងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ បាននិយាយថា ប្រជាជនតៃវ៉ាន់នឹងត្រូវប្រឈមមុខជាមួយជម្រើសដ៏សំខាន់មួយ ក្នុងការបោះឆ្នោតខាងមុខនេះ។ លោក Zhang បានលើកឡើងដូច្នេះថា «ការបោះឆ្នោតរើសមេដឹកនាំនិងសមាជិកសភានៅតំបន់តៃវ៉ាន់ ដែលនឹងប្រព្រឹត្តនាពេលឆាប់ៗខាងមុខ គឺជាការជ្រើសរើសដ៏សំខាន់រវាង​សុខសន្តិភាពនិងសង្រ្គាម ក៏ដូចជារវាងវិបុលភាពនិងភាពចុះអន់ថយ»

មន្រ្តីជាន់ខ្ពស់ចិនខាងលើបានបន្តទៀតថា «ជនរួមជាតិតៃវ៉ាន់ចាំបាច់ត្រូវតែឈរនៅខាងត្រឹមត្រូវនៃប្រវត្តិសាស្រ្ត ហើយរើសយកជម្រើស​ដែលត្រឹមត្រូវ ដើម្បីលើកកម្ពស់ទំនាក់ទំនង រវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ ឱ្យវិលត្រឡប់ទៅរកគន្លងផ្លូវត្រឹមត្រូវ នៃការអភិវឌ្ឍប្រកបដោយសន្តិភាពវិញ»។ កាលពីចន្លោះឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨ លោក Zhang ក៏ធ្លាប់​ជាប្រធានការិយាល័យកិច្ចការតៃវ៉ាន់ របស់រដ្ឋាភិបាលចិនផងដែរ។

គួរបញ្ជាក់ថា កោះតៃវ៉ាន់ត្រូវបានប្រទេសចិន ចាត់ទុកជាផ្នែកមិនអាចកាត់ផ្តាច់បានឡើយនៃទឹកដីរបស់ខ្លួន។ ទោះជាបែបនេះក៏ដោយ រដ្ឋាភិបាលតៃវ៉ាន់ បានច្រានចោល ការទាមទារអធិបតេយ្យរបស់ចិន ហើយនិយាយថា មានតែប្រជាជនតៃវ៉ាន់ផ្ទាល់ប៉ុណ្ណោះ ដែលអាច​មានសិទ្ធិសម្រេចលើជោគវាសនារបស់ពួកគេ។ តៃវ៉ាន់នឹងត្រូវរៀបចំ ការបោះឆ្នោតរើសមេដឹកនាំនិងសមាជិកសភាអាណត្តិថ្មី នាថ្ងៃទី១៣ ខែមករានេះ។ ក្នុងការថ្លែងសារចូលឆ្នាំថ្មីឆ្នាំសកល កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បាននិយាយថា ការបង្រួបបង្រួមគ្នាវិញរបស់ចិនជាមួយតៃវ៉ាន់ គឺជារឿងដែលមិនអាចចៀសផុតនោះទេ ប៉ុន្តែលោកមិនបានលើកឡើង អំពីការបោះឆ្នោតនៅតៃវ៉ាន់ឡើយ៕

រូបភាពពី Reuters