(បាងកក)៖ នាយករដ្ឋមន្រ្តីថៃ លោក Srettha Thavisin នៅថ្ងៃពុធនេះ បានដាក់សំណើកញ្ចប់ថវិកាទំហំ៣.៤៨ទ្រីលានបាត ស្មើនឹង​១០១.៥២ពាន់លានដុល្លារ ទៅកាន់សភា។ ក្រុមសមាជិកសភាប្រទេសថៃ នឹងប្រើប្រាស់ពេល៣ថ្ងៃ ដើម្បីជជែកដេញដោលលើសំណើនេះ មុនធ្វើការបោះឆ្នោតសម្រេច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី៣ ខែមករា ឆ្នាំ២០២៤។

លោក Srettha បានប្រាប់សភាថៃយ៉ាងដូច្នេះថា «សំណើកញ្ចប់ថវិកានេះ មានសារសំខាន់ជាខ្លាំង ដើម្បីជំរុញសេដ្ឋកិច្ចឱ្យឆ្ពោះទៅមុខ»។ លោកនាយករដ្ឋមន្រ្តីថៃបានបន្តថា ប្រទេសអាស៊ានមួយនេះ ត្រូវបានរំពឹងថា នឹងទទួលបានកំណើនសេដ្ឋកិច្ច ចន្លោះ២.៧-៣.៧ភាគរយ នៅក្នុងឆ្នាំ២០២៤នេះ ខណៈអត្រាអតិផរណា ត្រូវបានរំពឹងថា នឹងស្ថិតក្នុងកម្រិតចន្លោះ១.៧-២.៧ភាគរយ។ សភាថៃនឹងធ្វើការបោះឆ្នោត ចំពោះ​សំណើកញ្ចប់ថវិកាខាងលើក្នុងសប្តាហ៍នេះផ្ទាល់ ហើយវាត្រូវគេរំពឹងថា នឹងរៀបចំរួចរាល់ នៅត្រឹមខ្ទង់ដើមខែឧសភា។

គួរបញ្ជាក់ថា កំណើនសេដ្ឋកិច្ចថៃទទួលបានសន្ទុះត្រឹម១.៥ភាគរយ កាលពីត្រីមាសខែកក្កដា-កញ្ញា ឆ្នាំ២០២៣ ធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២។ វាជាកំណើនដ៏យឺតមួយ បើធៀបនឹងអត្រាដែលត្រូវបានព្យាករគឺ២.៤ភាគរយ ហើយជាកំណើនយ៉ាងទាបបំផុត ​ក្នុងចំណោមត្រីមាសនានាប្រចាំឆ្នាំមុន៕

រូបភាពពី Reuters