(ហ៊្សេរុយសាឡិម)៖ ការស្ទង់មតិមួយចេញផ្សាយកាលពីថ្ងៃអង្គារសប្តាហ៍នេះបង្ហាញថា មានតែ ១៥ភាគរយនៃប្រជាជនអ៉ីស្រាអែលប៉ុណ្ណោះ ដែលចង់ឲ្យ លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បន្តកាន់តំណែង បន្ទាប់ពីសង្គ្រាមប្រឆាំងក្រុមហាម៉ាសនៅតំបន់ហ្កាហ្សាបិទបញ្ចប់ ទោះបីប្រជាជនជាច្រើន នៅតែគាំទ្រយុទ្ធសាស្រ្តរបស់លោកក្នុងការកម្ចាត់ក្រុមហាម៉ាសក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣ ខែមករា ឆ្នាំ២០២៤។

នៅក្នុងការស្ទង់មតិដែលធ្វើឡើងដោយវិទ្យាស្ថាន Israel Democracy Institute (IDI) ៥៦ភាគរយនៃអ្នកដែលត្រូវបានសាកសួរ បាននិយាយថា ការបន្តការវាយលុករបស់យោធាគឺជាមធ្យោបាយដ៏ល្អក្នុងការសង្គ្រោះចំណាប់ខ្មាំង ខណៈ ២៤ភាគរយគិតថាកិច្ចព្រមព្រៀងដោះដូរជាមួយ អ្នកទោសប៉ាឡេស្ទីនបន្ថែមទៀតពីពន្ធនាគារអ៉ីស្រាអែលនឹងជាជម្រើសល្អបំផុត។

ការស្ទង់មតិដដែលនេះ ក៏បានបង្ហាញថា ប៉ុន្តែមានតែ ១៥ភាគរយប៉ុណ្ណោះដែលចង់ឲ្យ លោក Netanyahu ធ្វើជានាយករដ្ឋមន្ត្រីបន្តទៀតនៅពេល បញ្ចប់សង្គ្រាម។ បច្ចុប្បន្នគូប្រជែងនយោបាយ និងជាដៃគូក្នុងគណៈរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសង្គ្រាមគឺ លោក Benny Gantz ទទួលបានការគាំទ្រពី ២៣ភាគរយ។

គួរបញ្ជាក់ថា ការស្ទង់មតិរបស់ IDI ធ្វើឡើងក្នុងចំណោមអ្នកឆ្លើយសំណួរចំនួន ៧៤៦នាក់ ចន្លោះពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ជាមួយ និងកម្រិតទំនុកចិត្ត ៩៥ភាគរយ។ បើតាមការស្ទង់មតិរបស់ IDI នៅក្នុងខែដដែលនោះ ៦៩ភារយនៃប្រជាជនអ៉ីស្រាអែលគិតថាការបោះឆ្នោតសកល គួរតែធ្វើឡើងភ្លាមៗពេលសង្រ្គាមបិទបញ្ចប់៕

រូបភាពពី AFP