(សេអ៊ូល)៖ សមាជិកសភាម្នាក់មកពីគណបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំងធំបំផុតក្នុងប្រទេសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃពុធ ទី៣ ខែមករានេះមេដឹកនាំរបស់ខ្លួន គឺលោក Lee Jae-myung បានរួចផុតពីសេចក្ដីស្លាប់យ៉ាងប្រផុតប្រផើយ នៅពេលដែលលោកត្រូវបានគេចាក់នឹង កាំបិតត្រូវចំក ខណៈប៉ូលិសស្នើសុំដីកាឃាត់ខ្លួន និងចុះឆែកឆេរផ្ទះជនល្មើស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ AFP។

លោក Lee Jae-myung ត្រូវបានចោមរោមដោយក្រុមអ្នកសារព័ត៌មាន អំឡុងធ្វើទស្សនកិច្ចក្នុងទីក្រុង Busan កាលពីថ្ងៃអង្គារសប្ដាហ៍នេះ នៅពេលបុរសម្នាក់បានបន្លំខ្លួនធ្វើជាអ្នកគាំទ្ររបស់លោក និងសុំរូបលោកថតរូបជាមួយ តែភ្លាមៗនោះក៏ស្ទុះចាក់ចំផ្នែកខាងឆ្វេងនៃករបស់លោក Lee ជាមួយកាំបិត។ លោក Lee ដែលបានរងរបួសត្រង់សសៃវ៉ែននៅក្នុងក ដំបូងឡើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមួយក្នុងទីក្រុង Busan និងក្រោយមកត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងទីក្រុងសេអ៊ូល ជាទីដែលលោកទទួលការវះកាត់រយៈពេល ២ម៉ោង។

បច្ចុប្បន្ន ស្ថានភាពរបស់លោក Lee កំពុងត្រឡប់ទៅរកភាពល្អប្រសើរ តែកំពុងសម្រាកព្យាបាលក្នុងបន្ទប់ ICU នៅឡើយ។ ជាមួយគ្នានោះដែរ លោក Jung Chung-rae ជាសមាជិកសភាកូរ៉េខាងត្បូងម្នាក់មកពីគណបក្សប្រជាធិបតេយ្យ បានលើកឡើងអំឡុងកិច្ចប្រជុំបក្សនៅថ្ងៃពុធនេះថា «ក្រុមគ្រូពេទ្យក្នុងទីក្រុង Busan បានប្រាប់ថាប្រសិនជាខ្មាន់កាំបិតចាក់ចំសសៃក carotid របស់លោក Lee ម្ល៉េះលោកប្រហែលជាស្លាប់នៅនឹង កន្លែង បាត់ទៅហើយ»។ លោកបន្ថែមថាលោក Lee កំពុងត្រឡប់ទៅរកភាពល្អប្រសើរនៅក្នុងបន្ទប់ ICU។

គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារសារព័ត៌មាន Yonhap ប៉ូលិសកូរ៉េខាងត្បូងនៅថ្ងៃពុធនេះបានឱ្យដឹងថាពួកគេមានផែនការស្វែងរកដីកាឃាត់ខ្លួន បុរសជាជនសង្ស័យអាយុ ៦៦ឆ្នាំ ត្រូវបានបញ្ជាក់អត្តសញ្ញាណថាមាននាមត្រកូលគីម និងដែលត្រូវបានឃាត់ខ្លួននៅនឹងកន្លែង៕

រូបភាពពី AFP