(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃពុធ ទី៣ ខែមករានេះបានឱ្យដឹងថាបាឡុង៤គ្រឿងរបស់ចិន ត្រូវបានប្រទះឃើញហោះឆ្លងកាត់ ខ្សែបន្ទាត់កណ្ដាលច្រកសមុទ្រតៃវ៉ាន់ ហើយក្នុងនោះមានបាឡុង ៣គ្រឿងបានហោះពីលើដែនកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។

រូបភាពក្រាហ្វិកមួយចេញផ្សាយដោយក្រសួងការពារជាតិតៃវ៉ាន់ បានបង្ហាញពីបាឡុង៣គ្រឿង បានហោះក្នុងទិសដៅឆ្ពោះទៅភាគឦសាន ដោយហោះពីលើកោះតៃវ៉ាន់ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ បន្ទាប់ពីត្រូវបានប្រទះឃើញនៅក្បែរមូលដ្ឋានទ័ពអាកាស Ching-Chuan-Kang ស្ថិតនៅក្នុងទីក្រុង Taichung នៃភាគខាងលិចកោះតៃវ៉ាន់។ តាមក្រសួងការពារជាតិតៃវ៉ាន់ ក្នុងចំណោមបាឡុងរបស់ចិនទាំងនោះ មានបាឡុងមួយហោះនៅរយៈកម្ពស់ ៣,៦៥៨ម៉ែត្រ។

គួរបញ្ជាក់ថា សេចក្ដីរាយការណ៍ពីវត្តមានបាឡុងចិន កើតមានឡើងមិនដល់ ២សប្ដាហ៍ទៀតទេ តៃវ៉ាន់នឹងត្រូវរៀបចំការបោះឆ្នោតសកល ដើម្បី ជ្រើសរើសមេដឹកនាំថ្មីរបស់ខ្លួន។ ក្រសួងការពារជាតិតៃវ៉ាន់ បានចាប់ផ្ដើមរាយការណ៍ពីវត្តមានបាឡុងចិនជាលើកដំបូងតាំងពីខែធ្នូ ឆ្នាំ២០២៣។ ចំណែក លោក Ou Sifu ជាអ្នកជំនាញយោធាម្នាក់មកពីវិទ្យាស្ថានការពារជាតិ និងស្រាវជ្រាវសន្តិសុខរបស់តៃវ៉ាន់ បាននិយាយថាវត្តមានបាឡុង របស់ចិន គឺជាការសម្លុតគំរាមខាងយោធា និងជាសង្រ្គាមចិត្តសាស្ត្រ។

តៃវ៉ាន់នឹងត្រូវរៀបចំការបោះឆ្នោតសកលនៅថ្ងៃទី១៣ ខែមករានេះ ដើម្បីជ្រើសរើសមេដឹកនាំថ្មី ជំនួសលោកស្រី សៃ អ៉ីងវិនដែលត្រូវផុត អាណត្តិ៕

រូបភាពពី Reuters