(បេរូត)៖ សង្រ្គាមរបស់អ៉ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស នៅក្នុងតំបន់ហ្កាហ្សា បានរាលដាលទៅដល់ប្រទេសលីបង់នៅថ្ងៃអង្គារសប្ដាហ៍នេះ ជាទីដែល ការវាយប្រហារតាមផ្លូវអាកាសមួយរបស់អ៉ីស្រាអែលបានសម្លាប់មេដឹកនាំរងម្នាក់របស់ក្រុមហាម៉ាស។ នេះបើតាមក្រុមហាម៉ាស និងមន្ត្រីសន្តិសុខលីបង់ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣ ខែមករា ឆ្នាំ២០២៤។

ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសលីបង់ បានរាយការណ៍ថាមានការវាយប្រហារដោយយន្ដហោះដ្រូន​លើការិយាល័យមួយរបស់ក្រុមហាម៉ាស ស្ថិតនៅ ជាយទីក្រុងភាគខាងត្បូងនៃរដ្ឋធានីបេរូត ដែលជាមូលដ្ឋានដ៏រឹងមាំមួយរបស់ក្រុម Hezbollah គាំទ្រដោយអ៉ីរ៉ង់។ តាមប្រព័ន្ធផ្សព្វផ្សាយលីបង់ ការវាយប្រហារនេះ បានសម្លាប់មនុស្សសរុប ៧នាក់។ ចំណែក ទូរទស្សន៍របស់ហាម៉ាសវិញ ក៏បានទទួលស្គាល់ដែរថាមេដឹកនាំរងម្នាក់របស់ខ្លួន គឺលោក Saleh al-Aruri បានស្ថិតនៅក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៉ីស្រាអែលនៅលីបង់។

គួរបញ្ជាក់ថា ខាងយោធាអ៉ីស្រាអែល មិនបានធ្វើអត្ថាធិប្បាយចំៗ ចំពោះការស្លាប់របស់លោក Aruri នោះទេ ប៉ុន្តែបាននិយាយថាយោធាខ្លួនបានប្រុងជើងការខ្ពស់ សម្រាប់គ្រប់សេណារីយ៉ូទាំងអស់ ក្រោយមានសេចក្ដីរាយការណ៍ពីស្លាប់នៃមេដឹកនាំរងក្រុមហាម៉ាសរូបនេះ។ លោក Saleh al-Aruri គឺជាអនុប្រធានការិយាល័យ នយោបាយរបស់ក្រុមហាម៉ាស និងជាស្ថាបនិកម្នាក់នៃកងពលតូចហាម៉ាស Al-Qassam។ លោក Aruri ក៏បានក្លាយជាមេដឹកនាំហាម៉ាសដំបូងគេបំផុតដែល ត្រូវបានអ៉ីស្រាអែលធ្វើឃាត នៅក្រៅដែនដីប៉ាឡេស្ទីនផងដែរ ចាប់តាំងពីសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស ផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣មក៕

ផ្ទាំងរូបភាពលោក Saleh al-Aruri ដោយ AFP