(តូក្យូ)៖ អាជ្ញាធរជប៉ុន នៅព្រឹកថ្ងៃពុធ ទី៣ ខែមករា នេះបានឱ្យដឹងថា តួលេខអ្នកស្លាប់បានបន្តកើនដល់ ៦២នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិតធ្ងន់ បានវាយប្រហារចំ​តំបន់ភាគកណ្តាលប្រទេសជប៉ុន កាលពីថ្ងៃចូលឆ្នាំសកលកន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP។

ក្រុមអ្នកជួយសង្រ្គោះកំពុងបន្តប្រតិបត្តិការរបស់ពួកគេ នៅក្នុងខេត្ត Ishikawa ជាទីដែលទទួលរងគ្រោះខ្លាំងក្លាជាងគេ ជាមួយមនុស្សស្លាប់កើនដល់ ៦២នាក់ និងមនុស្សរាប់ម៉ឺននាក់នៅតែបន្តគ្មានអគ្គិសនីប្រើប្រាស់នៅឡើយ។ បើតាមមន្ត្រីក្នុងតំបន់ម្នាក់ទទួលខុសត្រូវលើការឆ្លើយតបទៅនឹង គ្រោះមហន្តរាយក្នុងខេត្ត Ishikawa មនុស្សច្រើនជាង ៣០០នាក់ផ្សេងទៀតក៏បានរងរបួសផងដែរ ក្នុងនោះមាន២០នាក់រងរបួសធ្ងន់។

គួរបញ្ជាក់ថា គ្រោះរញ្ជួយដីខ្លាំងៗបន្តបន្ទាប់គ្នា ក្នុងនោះរួមមានទាំងកម្រិត៧.៦រ៉ិចទ័រ បានវាយប្រហារជប៉ុន កាលពីថ្ងៃចន្ទសប្តាហ៍នេះ។ គិតចាប់តាំងពីពេលនោះ ជប៉ុនបានកត់ត្រាការកើតមានរំញ័រ សរុបយ៉ាងហោច១៥៥លើក។ អាជ្ញាធរជប៉ុន ក៏បានប្រកាសអាសន្នពីរលកស៊ូណាមិ​ផងដែរ ប៉ុន្តែនៅព្រឹកថ្ងៃអង្គារនេះ បានសម្រេចដកការប្រកាសអាសន្ននោះចេញវិញ៕

រូបភាពពី​ Reuters