(ហ្សេរុយសាឡឹម)៖ អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែល បាននិយាយនៅថ្ងៃអង្គារ ទី០២ ខែមករា ថា អ៊ីស្រាអែលនឹងបង្ហាញខ្លួននៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ ដើម្បីប្រឈមនឹងការចោទប្រកាន់របស់ប្រទេសអាហ្រ្វិកខាងត្បូង ពីបទប្រល័យពូជសាសន៍ ជុំវិញសង្រ្គាមជាមួយក្រុមហាម៉ាស នៅតំបន់ហ្គាហ្សា។ នៅបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤។
កាលពីថ្ងៃសុក្រកន្លងទៅ អាហ្រ្វិកខាងត្បូងបានស្នើសុំតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីចេញដីកាបន្ទាន់មួយដោយប្រកាសថា អ៊ីស្រាអែលកំពុងរំលោភលើកាតព្វកិច្ចរបស់ខ្លួន ក្រោមអនុសញ្ញាប្រល័យពូជសាសន៍ឆ្នាំ ១៩៤៨ នៅក្នុងយុទ្ធនាការយោធារបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស។
អ្នកនាំពាក្យ លោក Elon Levy បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានតាមអនឡាញដូច្នេះថា «រដ្ឋអ៊ីស្រាអែលនឹងបង្ហាញខ្លួន នៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិនៅទីក្រុងឡាអេ ដើម្បីលុបបំបាត់ការប្រមាថដ៏គួរឱ្យអស់សំណើចរបស់អាហ្វ្រិកខាងត្បូង»។ លោកបានបន្ថែមថា «យើងធានាមេដឹកនាំនៃប្រទេសអាហ្វ្រិកខាងត្បូងថា ប្រវត្តិសាស្ត្រនឹងវិនិច្ឆ័យអ្នក ហើយវានឹងវិនិច្ឆ័យអ្នកដោយគ្មានមេត្តា»។
តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលជួនកាលគេហៅថា តុលាការពិភពលោក គឺជាកន្លែងរបស់អង្គការសហប្រជាជាតិ សម្រាប់ដោះស្រាយជម្លោះរវាងរដ្ឋនានា។ ក្រសួងការបរទេសអ៊ីស្រាអែលបាននិយាយថា ពាក្យបណ្ដឹងរបស់អាហ្រ្វិកខាងត្បូងថា «គ្មានមូលដ្ឋាន»។
គួរបញ្ជាក់ថា កន្លងមក អ៊ីស្រាអែលបានធ្វើពហិការលើដំណើរការផ្លូវច្បាប់ប្រឆាំងនឹងខ្លួន នៅក្នុងតុលាការអង្គការសហប្រជាជាតិ ដោយអះអាងថាសាលាក្តីនេះខ្វះយុត្តាធិការ។ អ៊ីស្រាអែលមិនចូលរួមក្នុងដំណើរការផ្លូវច្បាប់ឆ្នាំ ២០០៤ របស់តុលារ ICJ ទេ ដែលបានចេញជាមតិយោបល់ស្តីអំពីភាពស្របច្បាប់ នៃជញ្ជាំងសន្តិសុខនៅ West Bank។
ហើយអ៊ីស្រាអែលក៏មិនមានបំណងចូលរួម ក្នុងដំណើរការរបស់ តុលារ ICJ ដើម្បីចេញមតិយោបល់លើស្ថានភាពផ្លូវច្បាប់ នៃ «ការកាន់កាប់» របស់អ៊ីស្រាអែលនៅតំបន់ West Bank, ហ្គាហ្សា និង Jerusalem ខាងកើតនោះដែរ។
សង្គ្រាមហ្គាហ្សាត្រូវបានបង្កឡើង ដោយការវាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃទី៧ ខែតុលា ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលអ៊ីស្រាអែលបាននិយាយថា បានសម្លាប់មនុស្ស ១,២០០នាក់។ ដោយឡែក មន្ត្រីសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា អ៊ីស្រាអែលបានឆ្លើយតបជាមួយ នឹងការវាយប្រហារតាមផ្លូវអាកាស និងផ្លូវគោកដែលបានសម្លាប់មនុស្សជាង ២២,០០០ នាក់៕
រូបភាពពី Reuters