(ឌូបៃ)៖ សេចក្តីថ្លែងការណ៍មួយរបស់យោធាស៊ីរីបាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាលពីព្រឹកថ្ងៃអង្គារសប្តាហ៍នេះ ដែលបានបាញ់ចេញមកពីទិសដៅនៃតំបន់ Golan តម្រង់ទៅលើទីតាំងនានានៅជាយក្រុង Damascus បានបណ្តាលឱ្យខូចខាតសម្ភារៈមួយចំនួន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤។

យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានធ្វើការវាយប្រហារប្រឆាំង នឹងគោលដៅយោធាស៊ីរីពេញមួយយប់ថ្ងៃចន្ទ ដោយវាយប្រហារទៅលើអ្វីដែលខ្លួនបានពិពណ៌នាថាជា «ហេដ្ឋារចនាសម្ព័ន្ធយោធារបស់កងទ័ពស៊ីរី» ក្នុងការឆ្លើយតបទៅនឹងការបាញ់គ្រាប់រ៉ុក្កែតមុនៗ។ របាយការណ៍បានបន្ថែមថា កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទគ្រាប់​រ៉ុក្កែត​ចំនួន ៥ ត្រូវ​បាន​បាញ់​ចេញ​ពី​ទឹកដី​ស៊ីរី។

គួរបញ្ជាក់ថា ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់ទៅលើជនស៊ីវិល និងទាហានក្នុងប្រទេសអ៊ីស្រាអែលមក អ៊ីស្រាអែលបានបង្កើនការវាយប្រហាររបស់ខ្លួន ទៅលើគោលដៅកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរី ហើយថែមទាំងបានវាយប្រហារទៅលើប្រព័ន្ធការពារដែនអាកាសរបស់កងទ័ពស៊ីរី និងកងកម្លាំងស៊ីរីមួយចំនួនផងដែរ៕

រូបភាពពី AFP