(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រាប់ក្រុមមេបញ្ជាការរបស់លោកឱ្យប្រើប្រាស់កម្លាំងជាអតិបរមា ដើម្បីកម្ទេចកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ប្រសិនបើប្រទេសទាំង២នេះហ៊ានបង្កជម្លោះយោធាមុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១ ខែមករា ឆ្នាំ២០២៤។

លោក គីម ជុងអ៊ុន ធ្វើការកត់សម្គាល់ខាងលើ ក្នុងសុន្ទរកថាអបអរសាទរឆ្នាំថ្មី ក្នុងជំនួបជាមួយក្រុមមេបញ្ជាការជាន់ខ្ពស់កូរ៉េខាងជើង កាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅ និងត្រូវបានដកស្រង់ផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃចន្ទនេះ។ ថ្លែងនាឱកាសនោះ លោក គីម បានព្រមានដូច្នេះថា «ប្រសិនបើសត្រូវហ៊ានបង្កជម្លោះយោធា និងបង្ករឿងមុនដាក់កូរ៉េខាងជើង កងទ័ពរបស់យើងត្រូវតែកម្ទេចពួកគេដោយ ប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ជាអតិបរមា ដោយមិនត្រូវមានការស្ទាក់ស្ទើរនោះទេ»

គួរបញ្ជាក់ថា អំឡុងកិច្ចប្រជុំដំណាច់ឆ្នាំរបស់គណបក្សពលករកាលពីចុងសប្ដាហ៍កន្លងទៅ លោក គីម ជុងអ៊ុន ក៏បានព្រមានវាយប្រហារនុយក្លេអ៊ែរ ប្រឆាំងនឹងកូរ៉េខាងត្បូង និងបញ្ជាឱ្យកងទ័ពរបស់លោកត្រៀមលក្ខណៈសម្រាប់សង្រ្គាមផងដែរ ដោយលោកទម្លាក់កំហុសនៃភាពតានតឹងសព្វថ្ងៃ នៅលើឧបទ្វីបកូរ៉េ ទៅលើសហរដ្ឋអាមេរិក។ ប៉ុន្តែ ព្រមពេលជាមួយគ្នា ទីក្រុងវ៉ាស៊ីនតោន បានព្រមានត្រឡប់ទៅវិញថាការវាយប្រហារដោយ អាវុធនុយក្លេអ៊ែរណាមួយលើកូរ៉េខាងត្បូង ឬសហរដ្ឋអាមេរិក នឹងនាំទៅរកថ្ងៃអវសាននៃរបបដឹកនាំលោក គីម ជុងអ៊ុន៕

រូបភាពពី KCNA ដោយ Reuters