(វ៉ាស៊ីនតោន)៖ នាវាពិឃាដអាមេរិកមួយគ្រឿង បានបាញ់ទម្លាក់មីស៊ីលបាលិស្ទីគប្រឆាំងនាវាចម្បាំង ២គ្រាប់បាញ់ចេញពីប្រទេសយេម៉ែន កាលពីថ្ងៃសៅរ៍ ទី៣០ ខែធ្នូ (ម៉ោងក្នុងតំបន់) ខណៈទទួលបានការស្នើសុំជំនួយពីកប៉ាល់ដឹកទំនិញមួយគ្រឿង ដែលរងការគំរាមកំហែងពីការវាយប្រហារ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៣១ ខែធ្នូ ឆ្នាំ២០២៣។

តាមបញ្ជាការរដ្ឋានយោធាអាមេរិកទទួលបន្ទុកកិច្ចការតំបន់មជ្ឈិមបូព៌ា និងអាស៊ីកណ្ដាល ឬហៅកាត់ថា CENTCOM មីស៊ីលបាលិស្ទីគទាំង២គ្រាប់ខាងលើ ត្រូវបានបាញ់ចេញពីទឹកដីគ្រប់គ្រងដោយក្រុមហ៊ូទី ក្នុងប្រទេសយេម៉ែន ហើយ CENTCOM ក៏បានចាត់ទុកដែរថានេះជាការវាយប្រហារខុសច្បាប់លើកទី២៣ របស់ចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់មួយនេះ ចាប់តាំងពីថ្ងៃទី២៩ ខែវិច្ឆិកាមក។ CENTCOM បន្ថែមថានាវាពិឃាដអាមេរិក USS Gravely និង USS Laboon ទទួលបានការហៅរកជំនួយពីកប៉ាល់ដឹកទំនិញឈ្មោះ Maersk Hangzhou ដោតទង់ជាតិសិង្ហបុរី តែគ្រប់គ្រងដោយដាណឺម៉ាក និងមានដឹក ទូរកុងតឺន័រដែលដំបូងឡើយត្រូវបានរាយការណ៍ថាកំពុងរងការគំរាមកំហែងពីការវាយប្រហារដោយមីស៊ីលមួយគ្រាប់ អំឡុងធ្វើដំណើរឆ្លងកាត់សមុទ្រក្រហម។ ប៉ុន្តែ ក្នុងពេលនោះ នាវាពិឃាដអាមេរិក USS Gravely បានបាញ់ស្កាត់ទម្លាក់មីស៊ីលទាំងនោះដែលរត់តម្រង់ទៅរកកប៉ាល់មួយនេះទាន់ពេល។

គួរបញ្ជាក់ថា ក្រុមហ៊ូទីយេម៉ែន ដែលមានអ៉ីរ៉ង់ជាខ្នងបង្អែក បានអះអាងថាការវាយប្រហាររបស់ខ្លួនលើកប៉ាល់ដឹកទំនិញក្នុងតំបន់សមុទ្រក្រហមគឺជាការបង្ហាញ សាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន ក្នុងតំបន់ហ្កាហ្សាជាទីដែលអ៉ីស្រាអែល កំពុងធ្វើសង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាស។ ក្រុមហ៊ូទីក៏បានព្រមានដែរថានឹងបន្ត បើកការវាយប្រហារ បើទោះជាសហរដ្ឋអាមេរិកបានបង្កើតក្រុមចម្រុះមួយដើម្បីរក្សាសន្តិសុខ និងការពារសុវត្ថិភាពការធ្វើនាវាចរក្នុងតំបន់សមុទ្រក្រហម ក៏ដោយ៕