(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃអាទិត្យ ទី៣១ ខែធ្នូនេះបានឱ្យដឹងថាកូរ៉េខាងជើងមានផែនការបាញ់បង្ហោះផ្កាយរណប ស៊ើបការណ៍ ៣គ្រឿងបន្ថែមទៀត នៅក្នុងឆ្នាំ២០២៤ ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងពង្រឹងសមត្ថភាពយោធា។ នេះបើតាមការដកស្រង់ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ទីក្រុងព្យុងយ៉ាង កាលពីខែវិច្ឆិកាកន្លងទៅ បានបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍ដំបូងបំផុតរបស់ខ្លួន យកទៅដាក់នៅគន្លងផែនដីដោយជោគជ័យ ហើយបានអះអាងចាប់តាំងពីពេលនោះមកថាផ្កាយរណបនេះបានថត និងផ្ដល់រូបភាពមូលដ្ឋានយោធាសំខាន់ៗរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។
KCNA បានគូសបញ្ជាក់ថា ភារកិច្ចបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍៣គ្រឿងបន្ថែមទៀត នៅក្នុងឆ្នាំ២០២៤ ត្រូវបានប្រកាសចាត់ទុកជា ការសម្រេចចិត្តនយោបាយជាគន្លឹះមួយសម្រាប់ឆ្នាំក្រោយ នៅឯកិច្ចប្រជុំដំណាច់ឆ្នាំរបស់គណបក្សពលករកូរ៉េ ដែលជាបក្សកាន់អំណាចតែមួយគត់ នៅកូរ៉េខាងជើង។ តាម KCNA នៅឯកិច្ចប្រជុំបក្សមានរយៈពេល៥ថ្ងៃ ដែលត្រូវបានបិទបញ្ចប់កាលពីថ្ងៃសៅរ៍ ក្រោមវត្តមានចូលរួមដោយផ្ទាល់ពីលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងរូបនេះក៏បានសង្កត់ធ្ងន់ដែរថាសហរដ្ឋអាមេរិកបានធ្វើឱ្យស្ថានការណ៍នយោបាយនៅលើតំបន់ឧបទ្វីបកូរ៉េ កាន់តែ អាក្រក់ឡើងៗ ដោយនៅតែបង្កការគំរាមកំហែងយោធាគ្រប់ទម្រង់ចំពោះកូរ៉េខាងជើង បើទោះជាឆ្នាំនេះជិតបិទបញ្ចប់ក៏ដោយ។
គួរបញ្ជាក់ថា ទីក្រុងសេអ៊ូល តូក្យូ និងទីក្រុងវ៉ាស៊ីនតោន បាន និងកំពុងកិច្ចសហប្រតិបត្តិការយោធាកាន់តែស្អិតល្មួត ក្នុងនោះដូចជាការចែករំលែក ព័ត៌មានស្ដីពីការបាញ់តេស្ដមីស៊ីលរបស់កូរ៉េខាងជើងឱ្យគ្នាទៅវិញទៅមក។ ប៉ុន្តែព្រមពេលជាមួយ ក្នុងកិច្ចប្រជុំបក្សនោះដែរ លោក គីម ជុងអ៊ុន បានបញ្ជាឱ្យកងទ័ពរបស់លោកត្រៀមលក្ខណៈឱ្យបានរួចរាល់សម្រាប់សង្រ្គាម និងតាមដានស្ថានការណ៍សន្តិសុខលើតំបន់ឧបទ្វីបកូរ៉េឱ្យបានដិតដល់ ជាទីបំផុត៕
រូបភាពពី KCNA ដោយ Reuters