(ប៉េកាំង)៖ ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៨ ខែធ្នូ សន្និសីទការងារកិច្ចការបរទេសនៃមជ្ឈិមចិន បានបើកធ្វើនៅទីក្រុងប៉េកាំង ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានអញ្ជើញចូលរួមកិច្ចប្រជុំ ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ។

លោក Xi Jinping បានបូកសរុបជាប្រព័ន្ធនូវសមិទ្ធផលជាប្រវត្តិសាស្ត្រ និងបទពិសោធន៍ដ៏មានតម្លៃនៃកិច្ចការទូតរបស់ចិន ដែលជាប្រទេសធំដែលមានលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មី ដោយបានអធិប្បាយយ៉ាងស៊ីជម្រៅនូវបរិយាកាសអន្តរជាតិ និងបេសកកម្មប្រវត្តិសាស្ត្រដែលកិច្ចការទូតរបស់ចិន កំពុងប្រឈមមុខក្នុងដំណើរថ្មី ព្រមទាំងធ្វើការរៀបចំចាត់ចែងដោយគ្រប់ជ្រុងជ្រោយ ចំពោះកិច្ចការទូតរបស់ចិនក្នុងពេលបច្ចុប្បន្ននិងមួយរយៈពេលខាងមុខ។

សន្និសីទបានសម្គាល់ថា ចាប់តាំងពីសមាជបក្សកុម្មុយនិស្តចិនលើកទី ១៨ កន្លងមក ក្នុងដំណើរនៃការជំរុញបុព្វហេតុសង្គមនិយម ដែលមានលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មី ការងារកិច្ចការបរទេសរបស់ប្រទេសចិនទទួលបាន សមិទ្ធផលជាប្រវត្តិសាស្ត្រ និងមានការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រ។

សន្និសីទបានសង្កត់ធ្ងន់ថា ក្នុងរយៈពេល១០ឆ្នាំកន្លងមក យើងបានជម្នះការលំបាកនិងបញ្ហាប្រឈមផ្សេងៗ ក្នុងការងារកិច្ចការបរទេស ហើយប្រទេសចិនបានក្លាយជាប្រទេសធំ ដែលមានទំនួលខុសត្រូវ និងកាន់តែមានឥទ្ធិពលលើផ្ទៃអន្តរជាតិ មានភាពដឹកនាំប្រកបដោយភាពច្នៃប្រឌិតថ្មី និងសច្ចយុត្តិធម៌។

សន្និសីទបានសម្គាល់ថា សម្លឹងមើលទៅអនាគត ការអភិវឌ្ឍរបស់ប្រទេសចិនកំពុងប្រឈមមុខនឹងកាលានុវត្តភាពយុទ្ធសាស្ត្រថ្មី។ យើងត្រូវផ្តោតលើភារកិច្ចស្នូលរបស់បក្សនិងរដ្ឋ បង្កើតនិម្មាបនកម្មថ្មីនៃទំនាក់ទំនងរវាងប្រទេសចិននិងពិភពលោក ដើម្បីធ្វើឱ្យប្រទេសចិនមានឥទ្ធិពលកាន់តែខ្លាំងលើផ្ទៃអន្តរជាតិ។

សន្និសីទបានចង្អុលបង្ហាញថា ការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ គឺជាទស្សនៈស្នូលនៃគំនិតការទូតរបស់លោក Xi Jinping យើងត្រូវប្រឆាំងយ៉ាងដាច់ខាតចំពោះ ឯកតោភាគីនិយម និងគាំពារនិយមតាមគ្រប់ទម្រង់ ជំរុញឱ្យសកលភាវូបនីយកម្មសេដ្ឋកិច្ច ឆ្ពោះទៅរកទិសដៅកាន់តែបើកចំហ បរិយបន្ន ផ្តល់អត្ថប្រយោជន៍ជាទូទៅ និងមានតុល្យភាព៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន