(យូអិន)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UN) បានអនុម័តសេចក្តីសម្រេចមួយ ដែលអំពាវនាវឱ្យមាន ការតែងតាំងប្រសិតពិសេសម្នាក់សម្រាប់អាហ្វហ្កានីស្ថាន ក្នុងគោលបំណងបង្កើនការធ្វើប្រាស្រ័យទាក់ទងគ្នាជាមួយប្រទេសនេះ និងជាមួយក្រុមតាលីបង់ ដែលបច្ចុប្បន្នកំពុងគ្រប់គ្រងអាហ្វហ្កានីស្ថាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី៣០ ខែធ្នូ ឆ្នាំ២០២៣។
ការអនុម័តសេចក្តីសម្រេចខាងលើកើតមានឡើង ក្រោយការចេញរបាយការណ៍វាយតម្លៃលក្ខណៈឯករាជ្យមួយ កាលពីខែវិច្ឆិកាកន្លងទៅ ដែលបានអំពាវនាវឱ្យបង្កើនការធ្វើប្រាស្រ័យទាក់ទង ជាមួយប្រទេសអាហ្វហ្កានីស្ថាន បន្ទាប់ពីការវិលត្រឡប់មកកាន់អំណាចសាជាថ្មីវិញ របស់ក្រុមតាលីបង់កាលពីខែសីហា ឆ្នាំ២០២១។ សេចក្តីសម្រេចនោះ បានជំរុញឱ្យអគ្គលេខាធិការ UN លោក Antonio Guterres តែងតាំងប្រេសិតពិសេសម្នាក់ ដើម្បីលើកកម្ពស់អនុសាសន៍របស់របាយការណ៍ឯករាជ្យ ជាពិសេសចំណុចពាក់ព័ន្ធយេនឌ័រនិងសិទ្ធិមនុស្ស។ សេចក្តីសម្រេចខាងលើត្រូវបានអនុម័ត បន្ទាប់ពីសមាជិកចំនួន១៣ នៃក្រុមប្រឹក្សាសន្តិសុខ UN បោះឆ្នោតក្នុងសំឡេងគាំទ្រ ខណៈរុស្ស៉ីនិងចិនបានបោះក្នុងសំឡេងអនុបវាទ។
គួរបញ្ជាក់ថា រដ្ឋាភិបាលតាលីបង់ មិនទាន់ត្រូវបានទទួលស្គាល់ជាផ្លូវការ ដោយប្រទេសឬអង្គការពិភពលោកណាមួយឡើយ ហើយត្រូវ UN ហៅសំដៅត្រឹមថា «អាជ្ញាធរតាលីបង់» ប៉ុណ្ណោះ។ ពីដំបូងឡើយ ក្រុមមន្រ្តីតាលីបង់បានសន្យាថា ខ្លួននឹងមិនដឹកនាំប្រទេសដោយប្រើច្បាប់អ៉ីស្លាមមានលក្ខណៈតឹងរ៉ឹងខ្លាំង ដូចអំលុងការកាន់អំណាចលើកដំបូង កាលពីចន្លោះឆ្នាំ១៩៩៦-២០០១ ឡើយ ប៉ុន្តែវិធានការរឹតត្បិតត្រូវគេមើលឃើញថា បានដាក់ឱ្យអនុវត្តជាបន្តបន្ទាប់ដដែល ជាពិសេសចំណាត់ការដែលប៉ះពាល់ ដល់សិទ្ធិស្រ្តីនិងក្មេងស្រីៗ៕
រូបភាពពី Reuters