(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ សហរដ្ឋអាមេរិកបានប្រកាសពីការអនុម័ត លើការលក់គ្រាប់រំសេវមានកម្រិតផ្ទុះខ្ពស់ប្រភេទទំហំ​១៥៥មីលីម៉ែត្រ សម្រាប់ប្រើដោយប្រព័ន្ធកាំភ្លើងធំ ព្រមទាំងបរិក្ខារពាក់ព័ន្ធដទៃទៀត ក្នុងតម្លៃសរុប១៤៧.៥លានដុល្លារ ឱ្យអ៉ីស្រាអែល នៅក្រោមគោលការណ៍លក្ខខណ្ឌបន្ទាន់មួយ ដែលមិនតម្រូវឱ្យឆ្លងកាត់ដំណើរការត្រួតពិនិត្យពីសភា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី៣០ ខែធ្នូ ឆ្នាំ២០២៣។

យោងតាមសេចក្តីថ្លែងការណ៍ ពីទីភ្នាក់ងារកិច្ចសហប្រតិបត្តិការសន្តិសុខការពារជាតិអាមេរិក រដ្ឋមន្រ្តីការបរទេសអាមេរិក បានសម្រេចថា វាមានភាពចាំបាច់ជាបន្ទាន់ ដែលតម្រូវឱ្យមានការលក់សព្វាវុធភ្លាមៗឱ្យទៅអ៉ីស្រាអែល ដូច្នេះហើយការលក់នោះ នឹងមិនចាំបាច់ត្រូវឆ្លង​ការត្រួតពិនិត្យជាទូទៅរបស់សភាអាមេរិកឡើយ។ សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមថា គ្រាប់កាំភ្លើងទាំងនោះ នឹងត្រូវយកចេញ​ពីក្នុងឃ្លាំងរបស់កងទ័ពជើងគោកអាមេរិកផ្ទាល់។ នាពេលកន្លងទៅក្នុងខែធ្នូនេះ រដ្ឋាភិបាលទីក្រុងវ៉ាស៉ីនតោន ក៏បានប្រើលក្ខខណ្ឌបន្ទាន់ ដើម្បីអនុម័តការលក់គ្រាប់រំសេវជិត១៤,០០០គ្រាប់ សម្រាប់ប្រើដោយរថក្រោះ ឱ្យទៅអ៉ីស្រាអែលផងដែរ។

គួរបញ្ជាក់ថា សង្រ្គាមចុងក្រោយបំផុតរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស បានចាប់ផ្តើមឡើង នៅពេលដែលក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ បានធ្វើសកម្មភាពឆ្មក់វាយលុកទ្រង់ទ្រាយធំ ចេញពីតំបន់ហ្កាហ្សាស្រ្ទីប (Gaza Strip) ចូលទៅកាន់ប្រទេសអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា និង​បានសម្លាប់មនុស្សប្រមាណ១,១៤០នាក់ ភាគច្រើនជាជនស៉ីវិល។ ក្រោយការវាយប្រហារនោះ អាមេរិកបានរួសរាន់ផ្តល់ជំនួយយោធា​ឱ្យអ៉ីស្រាអែល ខណៈអ៉ីស្រាអែលបានធ្វើប្រតិបត្តិការយោធាទាំងតាមផ្លូវអាកាស និងផ្លូវគោកគ្មានប្រណីដៃលើតំបន់ហ្កាហ្សា ដែលគិតមកទល់ពេលនេះ បានបន្តសម្លាប់មនុស្សកើនដល់យ៉ាងហោច ២១,៥០៧នាក់ ភាគច្រើនជាស្រ្តីនិងកុមារ បើយោងតាមការអះអាងរបស់អាជ្ញាធរនៅហ្កាហ្សា។

ចំនួនជនស៉ីវិលស្លាប់ដ៏ច្រើនលើសលប់ បូករួមជាមួយការបំផ្លិចបំផ្លាញខ្ទេចខ្ទីហិនហោចនៅតំបន់ហ្កាហ្សា អំលុងសង្រ្គាមរបស់អ៉ីស្រាអែល បានបង្កឱ្យមានការរិះគន់មិនពេញចិត្តកាន់តែខ្លាំងឡើងៗ ពីសំណាក់សហគមន៍អន្តរជាតិ ហើយទន្ទឹមគ្នានោះ មុខមាត់របស់សហរដ្ឋអាមេរិកនៅលើឆាកអន្តរជាតិ ក៏បាននិងកំពុងទទួលរងផលប៉ះពាល់ផងដែរ សម្រាប់ការបន្តគាំទ្រអ៉ីស្រាអែល៕

រូបភាពពី Reuters