(ហ្កាហ្សា)៖ កាលពីយប់ថ្ងៃសុក្រសប្តាហ៍នេះ ក្រសួងសុខាភិបាលនៃតំបន់ហ្កាហ្សាស្រ្ទីប (Gaza Strip) ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានអះអាងថា មនុស្សកើនដល់ចំនួនយ៉ាងហោច ២១,៥០៧នាក់ហើយ បានបាត់បង់ជីវិតនៅក្នុងដែនដីប៉ាឡេស្ទីនមួយនេះ គិតចាប់តាំងតែពីសង្រ្គាមជាមួយអ៉ីស្រាអែល បានផ្ទុះឡើងកាលពី១២សប្តាហ៍កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី៣០ ខែធ្នូ ឆ្នាំ២០២៣។
ក្រសួងសុខាភិបាលហ្កាហ្សាបាននិយាយថា តួលេខខាងលើ រួមបញ្ចូលទាំងអ្នកស្លាប់ចំនួន១៨៧នាក់ថ្មី ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ហើយមនុស្សប្រមាណជិត ៥៦,០០០នាក់ផ្សេងទៀត នៅក្នុងតំបន់នេះ ក៏បានរងរបួសផងដែរអំលុងការប្រយុទ្ធគ្នា។ យោងតាមអង្គការសហប្រជាជាតិ (UN) ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលាមក ប្រហែលជាង៨០ភាគរយ នៃចំនួនប្រជាជនសរុប២.៤លាននាក់នៅ Gaza ត្រូវបានបង្ខំឱ្យរត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ។
គួរបញ្ជាក់ថា អ៉ីស្រាអែលបានប្តេជ្ញាយ៉ាងមុតមាំ ក្នុងការកម្ទេចពួកហាម៉ាសនៅតំបន់ Gaza ដើម្បីសងសឹកសម្រាប់ការឆ្មក់វាយប្រហារ របស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ លើអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ដែលបានសម្លាប់មនុស្ស១,១៤០នាក់ ភាគច្រើនជាជនស៉ីវិល។ យោងតាមអ៉ីស្រាអែល អំលុងការវាយប្រហារនោះ មនុស្សប្រមាណជា២៥០នាក់ ត្រូវបានចាប់យកធ្វើជាចំណាប់ខ្មាំង ខណៈជាងពាក់កណ្តាលក្នុងចំណោមពួកគេ កំពុងស្ថិតក្រោមកណ្តាប់ដៃរបស់ហាម៉ាស នៅឡើយ ហើយក៏មានចំណាប់ខ្មាំងមួយចំនួន ស្លាប់ផងដែរ៕
រូបភាពពី Reuters