(ប៉េកាំង)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ចិនបានប្រកាសពីការតែងតាំង លោក Dong Jun ដែលជាអតីតប្រមុខកងទ័ពជើងទឹក ឱ្យឡើងធ្វើជារដ្ឋមន្រ្តីការពារជាតិថ្មី ជាតំណែងដែលទុកនៅទំនេរ ចាប់តាំងពីការដករដ្ឋមន្រ្តីការពារជាតិមុន គឺលោក Li Shangfu កាលពីខែតុលា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី៣០ ខែធ្នូ ឆ្នាំ២០២៣។
ទីភ្នាក់ងារព័ត៌មានចិន Xinhua បានរាយការណ៍ថា លោក Dong វ័យ៦២ឆ្នាំ ត្រូវបានតែងតាំងជា រដ្ឋមន្រ្តីការពារជាតិថ្មីនៃប្រទេសចិន អំលុងកិច្ចប្រជុំមួយ នៃគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាប្រជាជនចិន។ ការតែងតាំងរូបលោកធ្វើឡើង បន្ទាប់ពី Li Shangfu បានបាត់មុខពីសាធារណៈចាប់តាំងពីចុងខែសីហា ឆ្នាំនេះ ហើយត្រូវបានទីក្រុងប៉េកាំង ប្រកាសដកហូតតំណែងជារដ្ឋមន្រ្តីការពារជាតិ និងជាទីប្រឹក្សារដ្ឋ ជាផ្លូវការកាលពីខែតុលា។ រដ្ឋាភិបាលចិនមិនបានបកស្រាយលម្អិតអំពីការបាត់មុខ ឬការដកតំណែងលោក Li ឡើយ។
គួរបញ្ជាក់ថា មុនក្លាយជាប្រមុខកងទ័ពជើងទឹកចិន កាលពីឆ្នាំ២០២១ លោក Dong Jun ធ្លាប់កាន់តួនាទីជា មេបញ្ជាការរងនៃកងទ័ពជើងទឹកចិនប្រចាំភូមិភាគខាងកើត ដែលជាកម្លាំងចម្បងទទួលបន្ទុកបញ្ហាកោះតៃវ៉ាន់។ មិនតែប៉ុណ្ណោះ លោកក៏ធ្លាប់បម្រើជាមេបញ្ជាការរងនៃកងទ័ពជើងទឹកចិនភូមិភាគខាងត្បូងផងដែរ ដែលទទួលបន្ទុកធ្វើប្រតិបត្តិការនៅសមុទ្រចិនខាងត្បូង។ កោះតៃវ៉ាន់និងសមុទ្រចិនខាងត្បូង គឺសុទ្ធតែជាបញ្ហាដ៏រសើបបំផុត នៅក្នុងទំនាក់ទំនងរបស់ចិន ជាមួយសហរដ្ឋអាមេរិក៕
រូបភាពពីកងទ័ពជើងទឹកចិន