(កៀវ)៖ ចំនួនមនុស្សស្លាប់បានកើនដល់យ៉ាងហោច៣០នាក់ និងរបួសជាង១៦០នាក់ផ្សេងទៀត បន្ទាប់ពីអ៊ុយក្រែន បានរងការវាយប្រហារតាមផ្លូវអាកាសយ៉ាងធំសម្បើមមួយពីរុស្ស៉ី កាលពីថ្ងៃសុក្រសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី៣០ ខែធ្នូ ឆ្នាំ២០២៣។
លោក Igor Klymenko រដ្ឋមន្រ្តីមហាផ្ទៃអ៊ុយក្រែន បានឱ្យដឹងតាមប្រព័ន្ធ Telegram ថា គិតត្រឹមយប់ថ្ងៃសៅរ៍ មនុស្ស៣០នាក់បានស្លាប់ និងជាង១៦០នាក់បានរងរបួស ដោយសារតែការវាយប្រហារទ្រង់ទ្រាយធំរបស់រុស្ស៉ី មកលើទឹកដីអ៊ុយក្រែន កាលពីព្រឹកថ្ងៃដដែល។ បើតាមក្រុមមន្រ្តីអ៊ុយក្រែន សាលារៀន មន្ទីរពេទ្យ ហាងទំនិញ និងលំនៅដ្ឋាន បានស្ថិតក្នុងចំណោមអគារជាច្រើន ដែលបានរងការវាយប្រហារ។ អ៊ុយក្រែន បានប៉ាន់ប្រមាណថា រុស្ស៉ីបានបាញ់មីស៉ីលនិងដ្រូនសរុបចំនួន១៥៨ មកលើទឹកដីខ្លួន ក្នុងនោះ១១៤មីស៉ីលនិងដ្រូន ត្រូវបានបាញ់ស្កាត់។
គួរបញ្ជាក់ថា ក្នុងការវាយប្រហារខាងលើ រុស្ស៉ីបានព្យាយាមដាក់សម្ពាធលើ ប្រព័ន្ធការពារដែនអាកាសនៅតាមទីក្រុងធំៗរបស់អ៊ុយក្រែន តាមរយៈការបញ្ជូនយន្តហោះដ្រូនវាយប្រហារអត្តឃាត Shahed ជាក្រុមៗ ហើយបន្ទាប់មកបានបាញ់មីស៉ីលចម្រុះប្រភេទ រួមមានទាំងមីស៉ីលល្បឿនលឿនជាងសំឡេង មីស៉ីលគ្រូស និងមីស៉ីលបាលិស្ទីគ ចេញពីយន្តហោះ ព្រមទាំងពីទឹកដីដែលកងកម្លាំងរុស្ស៉ីកាន់កាប់។ ការវាយប្រហារនេះ បានបង្កឱ្យមានការចេញមុខថ្កោលទោសពីអន្តរជាតិ រួមជាមួយការសន្យាផ្តល់ជំនួយយោធាថ្មីៗទៀតសម្រាប់អ៊ុយក្រែន ដែលកំពុងបន្តប្រយុទ្ធតស៊ូប្រឆាំងសង្រ្គាមឈ្លានពានរបស់រុស្ស៉ី ចាប់តាំងតែពីចុងខែកុម្ភៈ ឆ្នាំ២០២២មក៕
រូបភាពពី Reuters