(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក Xi Jinping នៅថ្ងៃសុក្រ (ទី២៩ ធ្នូ) នេះ បានជំរុញឱ្យឯកអគ្គរដ្ឋទូតចិនបង្កើត «កងទ័ពការទូតដែក» ដែលស្មោះត្រង់ចំពោះបក្សកុម្មុយនិស្ត ការធ្វើឱ្យរស់ឡើងវិញនូវវោហាសាស្ត្រ «អ្នកចម្បាំងចចក» ដែលត្រូវបានផ្សព្វផ្សាយដោយអ្នកការទូតមួយចំនួន សម្រាប់ជាសញ្ញានៃគោលនយោបាយការបរទេសដ៏រឹងមាំរបស់ប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣។
ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា លោក Xi បានប្រាប់ប្រេសិតការបរទេសរបស់ចិន ដែលប្រមូលផ្តុំគ្នានៅទីក្រុងប៉េកាំងដូច្នេះថា «ត្រូវហ៊ានតស៊ូ និងក្លាយជាអ្នកការពារផលប្រយោជន៍ជាតិ ហើយចាំបាច់ត្រូវការពារយ៉ាងម៉ឺងម៉ាត់នូវផលប្រយោជន៍អធិបតេយ្យភាព សន្តិសុខ និងការអភិវឌ្ឍន៍ជាតិ ដោយការត្រៀមខ្លួន និងឆន្ទៈដ៏មុតមាំក្នុងការប្រជែងនឹងកម្លាំងដ៏មានឥទ្ធិពល»។
ការអត្ថាធិប្បាយរបស់លោកនេះ បានរំលឹកឡើងវិញនូវទម្រង់វោហារសាស្ត្រដ៏កាច ដែលអនុម័តដោយអ្នកការទូតចិនចាប់តាំងពីឆ្នាំ ២០២០ ដែលមិនសូវមានភាពលេចធ្លោនៅឆ្នាំនេះ ដោយសារចិនស្វែងរកការទាក់ទាញការវិនិយោគពីបរទេស ដើម្បីទប់ទល់នឹងការធ្លាក់ចុះសេដ្ឋកិច្ចរបស់ខ្លួន។
ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកមានភាពប្រសើរឡើងមួយរយៈពេលខ្លី បន្ទាប់ពី លោក Xi បានជួបជាមួយ លោក Joe Biden កាលពីខែវិច្ឆិកា ប៉ុន្តែបច្ចុប្បន្នចិនកំពុងមានជម្លោះការទូតជាមួយហ្វីលីពីនជុំវិញបញ្ហាតំបន់ថ្មប៉ប្រះទឹក ដែលមានជម្លោះនៅសមុទ្រចិនខាងត្បូង ក៏ដូចជាមួយជប៉ុនជុំវិញការបញ្ចេញទឹកសំណល់អាវុធនុយក្លេអ៊ែរចេញពីរ៉េអាក់ទ័រ Fukushima ដែលបានខូចខាតផងដែរ។
លោក Xi ក៏បានជំរុញឱ្យបេសកជនប្រកាន់ខ្ជាប់នូវវិន័យបក្ស ដោយនិយាយឡើងវិញនូវពាក្យ «តឹងរឹង» ប្រាំពីរដងនៅក្នុងសុន្ទរកថាប្រចាំឆ្នាំ បន្ទាប់ពីសន្និសីទការងារចម្បងស្តីពីកិច្ចការបរទេស ដែលជាកិច្ចប្រជុំរៀបចំផែនការគោលនយោបាយការបរទេសរបស់បក្សកុម្មុយនិស្តកម្រិតខ្ពស់ ដែលធ្វើឡើងរៀងរាល់ ៥ ឆ្នាំម្តង។ កិច្ចប្រជុំនេះបានបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍។
«យើងត្រូវតែដាក់ច្បាប់ និងវិន័យនៅចំពោះមុខយើង តឹងរ៉ឹងជាមួយខ្លួនឯង ហើយត្រូវតឹងរ៉ឹងជាមួយនឹងទំនួលខុសត្រូវ ... កសាងកងទ័ពការទូតដែលដែលស្មោះត្រង់នឹងបក្ស ... ហ៊ានប្រយុទ្ធ ពូកែប្រយុទ្ធ និងការគោរពវិន័យតឹងរ៉ឹង»។ នេះជាការលើកឡើង របស់ លោក Xi Jinping។
គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់ លោក Xi បានកើតឡើងស្របពេលដែលស្ថាប័នការទូតចិន បាននិងកំពុងជំរុញការអនុវត្តផ្នែកវិន័យថ្មី បន្ទាប់ពីអតីតរដ្ឋមន្ត្រីការបរទេស លោក Qin Gang ត្រូវបានបណ្តេញចេញពីតំណែងកាលពីខែកក្កដា ដោយបានបំពេញការងារត្រឹមតែប្រាំពីរខែប៉ុណ្ណោះ ជុំវិញពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងអាពាហ៍ពិពាហ៍ក្រៅប្រព័ន្ធ៕