(ប៉េកាំង)៖ ក្នុងឆ្នាំ២០២៣ សហរដ្ឋអាមេរិកបានបង្កើនជាអតិបរមានូវការពង្រឹងទំនាក់ទំនងការទូត និងយោធានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីទប់ទល់នឹង ការកើនឡើងឥទ្ធិពលចិន ខណៈក្រុមអ្នកវិភាគអាមេរិកខ្លួនឯងយល់ថាសហរដ្ឋអាមេរិកលែងមានអំណាចផ្ដាច់មុខ ហើយមិនអាចប្រជែងជាមួយចិនតែម្នាក់ឯង បានទៀតនោះទេ។

ជាក់ស្ដែង នៅក្នុងការបង្ហើបឱ្យដឹងពីយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកទប់ទល់នឹងចិន កាលពីឆ្នាំ២០២២ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានចាត់ទុកថាចិនជាមហាអំណាចតែមួយគត់ ក្នុងពេលបច្ចុប្បន្ន​ ដែលអាចប្រជែងជាមួយសហរដ្ឋអាមេរិក និងមានឆន្ទៈកែប្រែសណ្ដាប់ធ្នាប់ពិភពលោក តាមរយៈ ការពង្រឹងអំណាចទំាងខាងសេដ្ឋកិច្ច ការទូត យោធា និងបច្ចេកវិទ្យា។ ម្លោះហើយជាស្នូលដ៏សំខាន់មួយនៃយុទ្ធសាស្ត្រខ្ទប់ឥទ្ធិពលចិន សហរដ្ឋអាមេរិកបានពង្រីក និងពង្រឹងទំនាក់ទំនងយោធា រួមទាំងការទូតរបស់ខ្លួនជាមួយបណ្ដាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកឱ្យកាន់តែស៊ីជម្រៅ។

នៅក្រោមយុទ្ធសាស្ត្រនេះ សហរដ្ឋអាមេរិកបានផ្ដោតលើការពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តដូចជា អូស្ត្រាលី កូរ៉េខាងត្បូង ជប៉ុន និងហ្វីលីពីន ព្រមទាំងជាមួយ ប្រទេសមិនមែនជាសម្ព័ន្ធមិត្តក្រោមសន្ធិសញ្ញាដូចជាឥណ្ឌា និងវៀតណាមជាដើម ដែលសុទ្ធសឹងតែសហរដ្ឋអាមេរិកត្រូវការជាចាំបាច់ ដើម្បីអាចចាក់ឬសឥទ្ធិពល ទាំងយោធា និងការទូតក្នុងតំបន់ អស់រាប់ទសវត្សរ៍មកនេះ។

* នៅអូស្ត្រាលី សហរដ្ឋអាមេរិក រួមជាមួយចក្រភពអង់គ្លេសបានប្រកាសពីកិច្ចព្រមព្រៀងយោធាជាប្រវត្តិសាស្ត្រមួយ ក្នុងការជួយបំពាក់ឱ្យអូស្ត្រាលី នូវនាវាមុជទឹក ប្រយុទ្ធ ដើរដោយថាមពលនុយក្លេអ៊ែរ ៥គ្រឿងនៅដើមទសវត្សរ៍ឆ្នាំ២០៣០។ នាវាមុជទឹកទាំងនេះដែលប្រដាប់ដោយមីស៊ីលរយៈចម្ងាយឆ្ងាយជាប្រភេទនាវាមុជទឹក ដ៏ទំនើបដែលមិនងាយនឹងចាប់សញ្ញាបាន ហើយអាចស្ថិតនៅក្រោមបាតសមុទ្របានយូរជាងនាវាមុជទឹកធម្មតា។ បើតាមវិទ្យាស្ថាន Carnegie Endowment for International Peace មានមូលដ្ឋាននៅសហរដ្ឋអាមេរិក នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ គឺជាមធ្យោបាយមួយដ៏មានប្រសិទ្ធភាពអាចបង្កភាពស្មុគស្មាញ ដល់យោធាចិន ក្នុងការរៀបចំផែនការ និងអាចធ្វើឱ្យប៉េកាំងត្រូវគិត ២ទៅ៣ដងដែរមុននឹងសម្រេចចិត្តប្រើកម្លាំងយោធាណាមួយ។ សហរដ្ឋអាមេរិក និងអូស្រ្តាលី ក៏បានប្រកាសដែរពីផែនការបង្កើនវត្តមានកងទ័ពអាមេរិកទាំង ជើងទឹក ជើងគោក និងអាកាស រួមទាំងការសាងសង់អាកាសយានដ្ឋានដើម្បីធ្វើប្រតិបត្តិការ យន្ដហោះទម្លាក់គ្រាប់បែក B52 ចេញពីភាគខាងជើង នៃប្រទេសអូស្ត្រាលី។

* នៅជប៉ុន សហរដ្ឋអាមេរិក បានប្រកាសពីផែនការធ្វើទំនើបកម្ម និងធ្វើបច្ចុប្បន្នភាពវត្តមានកងទ័ពអាមេរិក ដែលកំពុងឈរជើងនៅលើកោះ Okinawa ក្នុងនោះរួមមានទាំងការបំពាក់មីស៊ីលចម្ងាយដល់កងម៉ារីនរបស់ខ្លួន ដែលអាចឱ្យពួកគេមានសមត្ថភាពកម្ទេចនាវាចម្បាំង ជាពិសេសនៅក្នុងករណីចិន ប្រើកម្លាំង យោធាលើតៃវ៉ាន់។

* ចំណែក នៅកូរ៉េខាងត្បូងវិញ ដែលកាន់តែមានការព្រួយបារម្ភខ្លាំងឡើងពីកម្មវិធីមីស៊ីល និងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង សហរដ្ឋអាមេរិកបានប្រកាសពី ការធានាសន្តិសុខថ្មីមួយដល់ទីក្រុងសេអ៊ូល ក្នុងនោះរួមមានការដាក់ពង្រាយនាវាមុជទឹកប្រដាប់ដោយអាវុធនុយក្លេអ៊ែរទៅកាន់ឧបទ្វីបកូរ៉េជាលើកដំបូង ក្នុងពេលជាង ៤ទសវត្សរ៍មកនេះ និងព្រមានថាការប្រើអាវុធនុយក្លេអ៊ែរប្រឆាំងអាមេរិក ឬកូរ៉េខាងត្បូង នឹងនាំទៅរកថ្ងៃអវសាននៃរបបដឹកនាំ លោក គីម ជុងអ៊ុន។ លើសពីនេះទៅទៀត វ៉ាស៊ីនតោន ក៏បានប្រកាសដែរពី «ភាពជាដៃគូសន្តិសុខត្រីភាគី» ជាមួយទីក្រុងសេអ៊ូល និងទីក្រុងតូក្យូ ក្នុងកិច្ចប្រជុំកំពូលមួយនៅឯជំរំ Camp David សហរដ្ឋអាមេរិក ជាទីដែលប្រទេសទាំង៣ បានថ្កោលទោសចិនជុំវិញការបង្កើនសកម្មភាពយោធាក្នុងតំបន់ និងបានសន្យាថានឹងពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងសេដ្ឋកិច្ចឱ្យកាន់តែ ស៊ីជម្រៅ។

* នៅហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តមួយរបស់សហរដ្ឋអាមេរិកដែរនោះ រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Ferdinand Marcos Jr បានយល់ព្រមឱ្យយោធាអាមេរិក ចូលប្រើប្រាស់មូលដ្ឋានទ័ពហ្វីលីពីនចំនួន ៤បន្ថែម ធ្វើឱ្យចំនួនមូលដ្ឋានទ័ពហ្វីលីពីនដែលយោធាអាមេរិកអាចចូលប្រើបានកើនដល់៩ ក្នុងបរិបទនៃភាពតានតឹងរវាងចិន និងហ្វីលីពីន កាន់តែកើនឡើងជាលំដាប់ នៅតំបន់សមុទ្រចិនខាងត្បូង។ ក្នុងចំណោមមូលដ្ឋានទ័ពថ្មីទាំង៤នេះទៀតសោត មានមូលដ្ឋានទ័ពចំនួន៣ ស្ថិតនៅក្នុងខេត្ត Cagayan និង Isabela នៅភាគខាងជើងប្រទេសហ្វីលីពីន ស្ថិតនៅទល់មុខតៃវ៉ាន់។ ចំណែក មូលដ្ឋានមួយផ្សេងទៀតស្ថិតនៅខេត្ត Palawan នៃភាគខាងកើតហ្វីលីពីន ក្បែរទីប្រជុំកោះជម្លោះ Spratly នៅសមុទ្រចិនខាងត្បូង។ ហ្វីលីពីន និងសហរដ្ឋអាមេរិកបានបង្កើនការធ្វើសមយុទ្ធយោធារួមគ្នាផងដែរ ហើយមិនតែប៉ុណ្ណោះ កាន់តែសំខាន់គឺសហរដ្ឋអាមេរិកបានប្ដេជ្ញាជាសាធារណៈថានឹងការពារហ្វីលីពីនពីការវាយប្រហារណាមួយ ចំពោះមុខភាពតានតឹងជាមួយចិន។

* នៅវៀតណាមវិញ ក៏មិនខុសគ្នាប៉ុន្មានហ្វីលីពីនដែរ។ ដោយព្រួយបារម្ភពីសកម្មភាពរបស់ចិននៅសមុទ្រចិនខាងត្បូង ទីក្រុងហាណូយកាលពីខែកញ្ញា ឆ្នាំ២០២៣ បានដំឡើងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាទំនាក់ទំនងមួយដែលហាណូយក៏មានជាមួយរុស្ស៉ី និងចិនដែរ។ ការសម្រេចចិត្តធ្វើបច្ចុប្បន្នភាពទំនាក់ទំនងនេះដែរកើតមានឡើង អំឡុងដំណើរទស្សនកិច្ចរបស់លោក ចូ បៃដិន ទៅកាន់វៀតណាម។

* នៅតៃវ៉ាន់ លោក ចូ បៃដិន បានលើកឡើងជាច្រើនលើកថាសហរដ្ឋអាមេរិក នឹងធ្វើអន្តរាគមន៍យោធាជួយកោះតៃវ៉ាន់ នៅក្នុងករណីមានការវាយប្រហារពីចិន។ ខណៈ សេតវិមានជារឿយៗតែងតែចេញមុខពន្យល់បន្ថែមពីការអត្ថាធិប្បាយបែបនេះក៏ពិតមែន តែរដ្ឋបាលលោក បៃដិន នៅតែបន្តលក់អាវុធឱ្យតៃវ៉ាន់ គួបផ្សំជាមួយការអនុម័ត ការលក់អាវុធទំហំ ៣ពាន់លានដុល្លារឱ្យតៃវ៉ាន់ ព្រមទាំងបើកភ្លើងបៃតងឱ្យមន្ត្រីអាមេរិកជួបពិភាក្សាដោយសេរីជាមួយសមភាគីតៃវ៉ាន់ទៀតផង។

* ចំណែក នៅតាមប្រទេសដែនកោះក្នុងតំបន់ប៉ាស៊ីហ្វិកវិញ សហរដ្ឋអាមេរិកក៏កំពុងពង្រីកទំនាក់ទំនងយោធា និងការទូតរបស់ខ្លួនផងដែរ។ កាលពីខែឧសភា វ៉ាស៊ីនតោន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខជាមួយប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ ហើយតាមរយៈកិច្ចព្រមព្រៀងនេះនាវាចម្បាំងអាមេរិក ចូលចតទៅកាន់កំពង់ផែ សំខាន់ៗនៃប្រទេសដែនកោះមួយនេះ។ ព្រមពេលជាមួយគ្នា សហរដ្ឋអាមេរិក បានបើកស្ថានទូតរបស់ខ្លួនឡើងវិញនៅក្នុងប្រទេសដែនកោះសូឡូម៉ុន ក្រោយអវត្តមាន ជាង ៣០ឆ្នាំ។ វ៉ាស៊ីនតោនក៏បានបើកស្ថានទូតដែរនៅក្នុងប្រទេស Tonga ខណៈកំពុងជជែកជាមួយប្រទេស Kiribati និង Vanuatu ពីការបើកស្ថានទូតអាមេរិក។

ជាការបង្ហាញការប្ដេជ្ញាចិត្ត លោក បៃដិន បានរៀបចំកិច្ចប្រជុំកំពូលជាមួយមេដឹកនាំមកពីប្រទេសដែនកោះប៉ាស៊ីហ្វិក ក្នុងទីក្រុងវ៉ាស៊ីនតោន ជាមួយការសន្យាផ្ដល់ជំនួយថ្មី ទំហំ ៨១០លានដុល្លារសម្រាប់ប្រទេសដែនកោះទាំងនេះ ក្នុងនោះរួមមានទាំងមូលនិធិដើម្បីជួយដោះស្រាយកង្វល់នៃប្រទេសទាំងនេះពាក់ព័ន្ធនឹង ការប្រែប្រួលអាកាសធាតុ។

ចុងក្រោយគេ គឺឥណ្ឌាដែលបានបង្កើនកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក។ ទាំងឥណ្ឌា និងសហរដ្ឋអាមេរិក គឺជាសមាជិកនៃក្រុមប្រទេស Quad ជាមួយ សមាជិក ២ទៀត គឺជប៉ុន និងអូស្រ្តាលី។ Quad ជាបក្សសម្ព័ន្ធមួយដែលត្រូវបានគេមើលឃើញថាបង្កើតឡើងក្នុងគោលបំណងទប់ទល់នឹងកើនឡើងឥទ្ធិពលចិន។ ក្រុមប្រទេស Quad បានសន្យាជួយបណ្ដាប្រទេសកំពុងអភិវឌ្ឍដើម្បីការពារធនធានសមុទ្ររបស់ពួកគេពីការនេសាទខុសច្បាប់ និងសន្យាផ្ដល់ការវិនិយោគជាង ៥០ពាន់លានដុល្លារ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ហាក់ដូចជាមានភាពធូរស្រាលបន្តិច ក្រោយលោក ចូ បៃដិន និងលោក ស៊ី ជីនពីង បានជួបគ្នានៅឯកិច្ចប្រជុំ APEC ក្នុងទីក្រុង San Francisco កាលពីចុងខែវិច្ឆិកា កន្លងទៅ។ ប៉ុន្តែ ភាពតានតឹងរវាងមហាអំណាចទាំង២ អាចផ្ទុះឡើងវិញគ្រប់ពេល ជាពិសេសខណៈតៃវ៉ាន់នឹងត្រូវរៀបចំ ការបោះឆ្នោតសកល នៅដើមឆ្នាំក្រោយ រីឯចិន និងហ្វីលីពីនកាន់តែដំឡើងសសៃកដាក់គ្នា ជុំវិញបញ្ហាសមុទ្រចិនខាងត្បូង៕