(ព្រុចសែល)៖ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) បាននិយាយនៅថ្ងៃសុក្រ (ទី២៩) ថា កងកម្លាំងអាកាសណាតូ បានចេញប្រតិបត្តិការពិសេសច្រើនជាង ៣០០ ដង ដើម្បីឆ្លើយតបទៅនឹងយន្តហោះយោធារុស្ស៊ី ក្នុងឆ្នាំ ២០២៣។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន​ AFP នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣។

របាយការណ៍របស់អង្គការណាតូបានគូសបញ្ជាក់ថា «ភាគច្រើននៃការជួបគ្នានៅលើអាកាសរវាង យន្តហោះណាតូ និងយន្តហោះរុស្ស៊ីគឺមានសុវត្ថិភាព និងប្រកបដោយវិជ្ជាជីវៈ។ ការរំលោភលើដែនអាកាសរបស់អង្គការណាតូ ដោយយន្តហោះយោធារុស្ស៊ីនៅតែជារឿងកម្រ ហើយជាទូទៅមានរយៈពេលខ្លី» ដោយបន្ថែមថា ការស្ទាក់ចាប់ភាគច្រើនកើតឡើងនៅលើសមុទ្របាល់ទិក។

គួរបញ្ជាក់ថា បន្ទាប់ពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនកាលពីខែកុម្ភៈកន្លងទៅ អង្គការណាតូបានពង្រឹងការការពារដែនអាកាសភាគខាងកើតរបស់ខ្លួនយ៉ាងខ្លាំង ជាមួយនឹងការដាក់ពង្រាយយន្តហោះចម្បាំង ហោះហើរឈ្លបយកការណ៍ និងប្រព័ន្ធការពារដែនអាកាសនៅលើដីបន្ថែមទៀត។

អ្នកនាំពាក្យរបស់អង្គការណាតូ លោក Dylan White បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យន្តហោះចម្បាំងរបស់អង្គការណាតូ កំពុងបំពេញកាតព្វកិច្ចគ្រប់ម៉ោង ដោយត្រៀមខ្លួនរួចជាស្រេចក្នុងការចេញប្រតិបត្តិ ក្នុងករណីមានការហោះហើរគួរឱ្យសង្ស័យ ឬមិនបានប្រកាសជាមុន នៅជិតដែនអាកាសនៃសម្ព័ន្ធមិត្តរបស់យើង»។

នៅព្រឹកថ្ងៃសុក្រនេះ រុស្ស៊ីបានបើកការវាយប្រហារដោយមីស៊ីលដ៏ច្រើនបំផុតមួយ លើអ៊ុយក្រែនក្នុងសង្រ្គាមរហូតមកដល់ពេលនេះ ដោយបានសម្លាប់ជនស៊ីវិល១២នាក់ របួសរាប់សិបនាក់ និងវាយប្រហារអគារលំនៅដ្ឋានក្នុងទីក្រុងគៀវភាគខាងត្បូង និងខាងលិចនៃប្រទេសផងដែរ៕