(វ៉ាស៊ីនតោន)៖ យោងតាមតួលេខដែលចេញផ្សាយ ដោយការិយាល័យជំរឿនសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានឱ្យដឹងថា ប្រជាជនពិភពលោកបានកើនឡើងចំនួន ៧៥ លាននាក់ក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ហើយត្រូវបានគេរំពឹងថា ចំនួនសរុបនឹងកើនឡើងដល់ជាង ៨ ពាន់លាននាក់នៅថ្ងៃចូលឆ្នាំសកល ២០២៤។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៩ ខែធ្នូ​ ឆ្នាំ២០២៣។

កំណើន​ចំនួនប្រជាជនសកល​កាលពី​ឆ្នាំ​មុន​មាន​ត្រឹម​តែ​ក្រោម ១% ប៉ុណ្ណោះ។ នៅដើមឆ្នាំ ២០២៤ ខាងមុខនេះ មនុស្ស ៤.៣ នាក់ត្រូវបានគេរំពឹងថានឹងកើត ហើយមនុស្ស ២ នាក់នឹងស្លាប់រៀងរាល់វិនាទីនៅទូទាំងពិភពលោក នេះបើយោងតាមការិយាល័យជំរឿនដដែល។

ចំនួនប្រជាជនសហរដ្ឋអាមេរិកបានកើនឡើង ០.៥៣% កាលពីឆ្នាំមុន ប្រហែលពាក់កណ្តាលនៃអត្រាពិភពលោក។ សហរដ្ឋអាមេរិកបានបន្ថែមប្រជាជន ១.៧ លាននាក់ ដែលនាំឱ្យចំនួនប្រជាជនសរុបកើនដល់ ៣៣៥.៨ លាននាក់នៅថ្ងៃចូលឆ្នាំថ្មី។

អ្នកប្រជាសាស្រ្តនៅស្ថាប័ន Brookings លោក William Frey និយាយថា ប្រសិនបើអត្រាបច្ចុប្បន្នបន្តរហូតដល់ចុងសតវត្សន៍ នោះទស្សវត្សរ៍ឆ្នាំ ២០២០ អាចជាទស្សវត្សរ៍ដែលមានលូតលាស់យឺតបំផុតក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក ជាមួយនឹងកំណើនទាបជាង ៤% ក្នុងរយៈពេល ១០ ឆ្នាំចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០៣០។ នៅដើមឆ្នាំ ២០២៤ ត្រូវបានគេរំពឹងថា នៅរៀងរាល់​ ៩ វិនាទីមានមនុស្សម្នាក់នឹងកើត ហើយមនុស្សម្នាក់នឹងស្លាប់រៀងរាល់ ៩.៥ វិនាទីនៅក្នុងសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណាក៏ដោយ អន្តោប្រវេសន៍នឹងរក្សាចំនួនប្រជាជនរបស់ប្រទេសនេះមិនឱ្យថយចុះ៕

រូបភាពពី AFP