(សិង្ហបុរី)៖ មនុស្សកាន់តែច្រើនកំពុងស្វែងរកការព្យាបាលជំងឺកូវីដ១៩ នៅតាមគ្លីនិច និងការពិគ្រោះតាមរយៈអនឡាញ ចំពេលករណីឆ្លងមានការកើនឡើងក្នុងប្រទេសសិង្ហបុរី នារយៈពេលចុងក្រោយនេះ។ ​នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០២៣។

លោក វេជ្ជបណ្ឌិត Tan Ming Wei ប្រធានផ្នែកវេជ្ជសាស្រ្តនៃក្រុមហ៊ុនឯកជនមួយ បាននិយាយថា ចំនួនអ្នកដែលពិគ្រោះជំងឺ ជាមួយក្រុមគ្រូពេទ្យតាមកម្មវិធី WhiteCoat ដែលជា App ផ្តល់សេវាកម្មសុខាភិបាល «មានការកើនឡើងយ៉ាងខ្លាំង»។ អ្នកផ្ទុកជំងឺកូវីដ១៩ នៅតែមានការកើនឡើង។ រហូតមកដល់ពេលនេះមានជាងប្រហែល ៥០ភាគរយហើយ បើប្រៀបធៀបទៅនឹងខែធ្នូ ឆ្នាំ ២០២២។

លោកវេជ្ជបណ្ឌិត Chng Shih Kiat បាននិយាយថា នៅទូទាំងគ្លីនិចពិគ្រោះជំងឺទូទៅទាំង ៤៨កន្លែងនៃក្រុមហ៊ុនវេជ្ជសាស្រ្ត Raffles អ្នកជំងឺកូវីដ១៩ បានកើនឡើងពី ៣០ទៅ ៥០ភាគរយនៅរដូវកាលបុណ្យគ្រីស្មាស់នេះ។ ចំណែកសេវាកម្ម Doctor Anywhere ដែលផ្តល់សេវាសុខភាពទូរគមនាគមន៍ និងមានគ្លីនិកព្យាបាលកាយសម្បទាចំនួន ៩នៅទូទាំងប្រទេស ក៏បានឲ្យដឹងដែរថា ដើម្បីសម្រួលដល់រង់ចាំ និងបង្កើនសមត្ថភាព អ្នកផ្តល់សេវាថែទាំសុខភាព បានកំណត់ការណាត់ជួបដែលមិនបន្ទាន់មួយចំនួនឡើងវិញ ដូចជាអ្នកជំងឺដែលបានកក់ការពិនិត្យសុខភាពជាដើម។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីក្រសួងសុខាភិបាលសិង្ហបុរី លោក Ong Ye Kung បាននិយាយថារលកថ្មីនៃជំងឺកូវីដ១៩ បច្ចុប្បន្នអាចនឹងឈានដល់កម្រិតកំពូល។ គ្រាន់តែការប៉ាន់ប្រមាណជាមធ្យមរយៈពេល ៧ថ្ងៃ អ្នកឆ្លងកូវីដ១៩មានចំនួន ៣,៦៥០នាក់ ចាប់តាំងពីថ្ងៃអង្គារមក៕

រូបភាពពី Reuters