(តេហេរ៉ង់)៖ ទីក្រុងតេហេរ៉ង់បានឱ្យដឹងនៅថ្ងៃសុក្រនេះថា មនុស្សចំនួន៤នាក់ ត្រូវបានប្រហារជីវិតតាមរយៈការព្យួរក ក្រោមទោសលួចធ្វើសកម្មភាពស៉ើបយកការណ៍ ឱ្យសត្រូវធំបំផុតរបស់អ៉ីរ៉ង់ គឺអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០២៣។

បុគ្គលទាំង៤នាក់ខាងលើ ត្រូវបានប្រហារជីវិតកាលពីព្រឹកថ្ងៃសុក្រនេះ នៅខេត្ត West Azerbaijan ភាគពាយព្យប្រទេសអ៉ីរ៉ង់ បន្ទាប់ពីពួកគេត្រូវបានរកឃើញថា មានទោសពីបទស៉ើបការណ៍សម្ងាត់ និងប្រព្រឹត្តសកម្មភាពជាច្រើនប្រឆាំងសន្តិសុខរបស់អ៉ីរ៉ង់ ក្រោមការបង្គាប់បញ្ជា ពីសំណាក់ទីភ្នាក់ងារចារកម្មអ៉ីស្រាអែល Mossad។ អ៉ីរ៉ង់មិនទទួលស្គាល់អ៉ីស្រាអែល ជាប្រទេសស្របច្បាប់ឡើយ ហើយភាគីទាំងពីរបានធ្វើសង្រ្គាមស្រមោល ជាមួយគ្នារាប់ឆ្នាំមកហើយ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែធ្នូនេះ បុរសម្នាក់ក៏ត្រូវបានរកឃើញមានទោសធ្វើការឱ្យទីភ្នាក់ងារ Mossad ផងដែរ និងត្រូវបានប្រហារ​ជីវិតនៅខេត្ត Sistan-Baluchistan ភាគអាគ្នេយ៍ប្រទេសអ៉ីរ៉ង់។ ចំណែក កាលពីខែធ្នូ ឆ្នាំ២០២២វិញ សាធារណរដ្ឋអ៉ីស្លាមមួយនេះ បានព្យួរកមនុស្ស៤នាក់ផ្សេងទៀត ដែលត្រូវបានចោទប្រកាន់ថា ចូលដៃចូលជើងជាមួយបណ្តាញចារកម្មរបស់អ៉ីស្រាអែល៕

រូបភាពពី Reuters