(កៀវ)៖ ក្រុមមន្រ្តីអ៊ុយក្រែនបានឱ្យដឹងថា នាថ្ងៃសុក្រនេះ រុស្ស៉ីបានបើកការវាយប្រហារមីស៉ីលដ៏ធំបំផុតមួយ ដែលបានផ្តាច់ជីវិតមនុស្សសរុប១០នាក់ និងបង្កឱ្យរបួសយ៉ាងហោចណាស់៦០នាក់ផ្សេងទៀត នៅក្នុងទីក្រុងកៀវ ព្រមទាំងនៅតំបន់ភាគខាងលិច ភាគកណ្តាល ក៏ដូចជាភាគខាងកើតអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០២៣។
អំលុងការវាយប្រហារខាងលើ មនុស្ស២នាក់បានស្លាប់នៅរដ្ឋធានីកៀវ និងជាច្រើននាក់ទៀត ត្រូវគេជឿថាអាចជាប់ក្រោមគំនរបាក់បែក នៃអគារដែលរងការខូចខាតពីការវាយប្រហារ។ ក្នុងចំណោមអ្នកបាត់បង់ជីវិត ក៏មាន២នាក់នៅទីក្រុងកំពង់ផែ Odesa ជាប់សមុទ្រខ្មៅផងដែរ ហើយយ៉ាងហោច១៥នាក់រងរបួស ក្នុងនោះរួមមានទាំងក្មេងៗ២នាក់ ខណៈមីស៉ីលរុស្ស៉ីបានធ្លាក់ទៅចំអគារស្នាក់នៅ។
ទីក្រុងដទៃទៀតរបស់អ៊ុយក្រែន រួមមាន Dnipro នៅភាគកណ្តាល, Lviv នៅភាគខាងលិច និង Kharkiv នៅភាគខាងកើត ជាដើម ក៏បានស្ថិតក្រោមការកំណត់គោលដៅវាយប្រហារ នៃមីស៉ីលរបស់រុស្ស៉ីដូចគ្នា។ អ្នកនាំពាក្យកងទ័ពអាកាសអ៊ុយក្រែន បានអះអាងថា វាគឺជាការវាយប្រហារដ៏ធំសម្បើមមួយរបស់រុស្ស៉ី ដែលរួមមានការប្រើប្រាស់មីស៉ីលចម្រុះ រួមមានទាំងមីស៉ីលល្បឿនលឿនជាងសំឡេង មីស៉ីលគ្រូស និងមីស៉ីលបាលិស្ទីគ។ បើតាមប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី រុស្ស៉ីបានបាញ់មីស៉ីលសរុបប្រហែលជា ១១០គ្រាប់។
គួរបញ្ជាក់ថា ទីក្រុងកៀវបានព្យាយាមព្រមានជាច្រើនសប្តាហ៍មកហើយថា រុស្ស៉ីអាចកំពុងប្រមូលផ្តុំមីស៉ីល ដើម្បីបើកការវាយប្រហារជាទ្រង់ទ្រាយធំ មកលើគោលដៅបណ្តាញផ្គត់ផ្គង់ថាមពលរបស់អ៊ុយក្រែន។ កាលពីឆ្នាំ២០២២ ប្រជាជនអ៊ុយក្រែនរាប់លាននាក់ ត្រូវរស់នៅក្រោមស្ថានភាពងងឹត នៅពេលដែលរុស្ស៉ីបានសង្រ្គប់វាយប្រហារលើ ហេដ្ឋារចនាសម្ព័ន្ធថាមពលអគ្គិសនី។ ក្រសួងថាមពលអ៊ុយក្រែន បានរាយការណ៍ពីករណីដាច់ភ្លើង នៅតំបន់ចំនួន៤ ក្រោយការវាយប្រហាររបស់រុស្ស៉ី នាថ្ងៃសុក្រនេះ៕
រូបភាពពី Reuters