(ការ៉ាកាស)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលាក្នុងតំបន់) ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro បានចេញបញ្ជាឱ្យកងទ័ពចំនួនជាង ៥​,៦០០នាក់ ចូលរួមការធ្វើសមយុទ្ធយោធាការពារខ្លួនមួយ នៅក្បែរព្រំប្រទល់ប្រទេសហ្គីយ៉ាន (Guyana) ដើម្បីឆ្លើយតបចំពោះការដែលចក្រភពអង់គ្លេស សម្រេចបញ្ជូននាវាចម្បាំងមកក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០២៣។

លោក Maduro បាននិយាយថា ការធ្វើសមយុទ្ធយោធាលក្ខណៈការពារខ្លួនខាងលើនេះ គឺជាការឆ្លើយតបចំពោះអ្វីដែលរូបលោកចាត់ទុកជា ការបង្កហេតុក៏ដូចជាការគំរាមកំហែងពីសំណាក់ចក្រភពអង់គ្លេស ប្រឆាំងនឹងសុខសន្តិភាពព្រមទាំងអធិបតេយ្យ នៃប្រទេសវ៉េណេស៊ុយអេឡា។ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន អង់គ្លេសបានប្រកាសថា ខ្លួននឹងចល័តនាវាយោធាល្បាត HMS Trent ទៅកាន់ប្រទេសហ្គីយ៉ាន ដែលជាអតីតដែនដីអាណានិគមរបស់ចក្រភពអង់គ្លេស ចំពេលភាពតានតឹងបានកើនឡើង ជុំវិញបញ្ហាជម្លោះទឹកដីរវាងប្រទេសអាមេរិកឡាទីន​ទាំងពីរ ពាក់ព័ន្ធតំបន់ Essequibo ដែលសម្បូរទៅដោយធនធានប្រេង។ តំបន់នេះគ្របដណ្តប២ភាគ៣ នៃផ្ទៃដីហ្គីយ៉ានទាំងមូល។

គួរបញ្ជាក់ថា យ៉ាងណាក្តី អំឡុងជំនួបរវាងលោក Maduro និងប្រធានាធិបតីហ្គីយ៉ាន លោក Irfaan Ali ក្នុងខែនេះ ប្រទេសជិតខាងទាំងពីរ បានឯកភាពគ្នាមិនជ្រើសរើសប្រើកម្លាំងបាយ ដើម្បីដោះស្រាយបញ្ហាជម្លោះឡើយ៕

រូបភាពពី AFP