(វ៉ាស៉ីនតោន)៖ ទីភ្នាក់ងារអវកាសរុស្ស៉ី Roscosmos បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានឯកភាពជាមួយទីភ្នាក់ងារអវកាស NASA របស់សហរដ្ឋអាមេរិក ដើម្បីបន្តធ្វើការជាមួយគ្នា ក្នុងការនាំក្រុមអវកាសយានិក ឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS រហូតដល់យ៉ាងហោចឆ្នាំ២០២៥។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០២៣។
ក្រុមហ៊ុន Roscosmos បាននិយាយក្នុងសេចក្តីប្រកាសព័ត៌មានថា កិច្ចព្រមព្រៀងត្រូវសម្រេចបានជាមួយ NASA ដើម្បីបន្តការងារនាំយកក្រុមអវកាសយានិក ឡើងទៅកាន់ស្ថានីយ ISS រួមគ្នារហូតឆ្នាំ២០២៥។ យោងតាម Roscosmos ការសម្រេចចិត្តយ៉ាងដូច្នេះ គឺដើម្បីរក្សាភាពគួរឱ្យជឿជាក់បាននៃស្ថានីយ ISS ជារួម។ ស្ថានីយអវកាសអន្តរជាតិនេះ ត្រូវបានចាប់ផ្តើមសាងសង់ នៅឆ្នាំ១៩៩៨ ជាពេលដែលកិច្ចសហប្រតិបត្តិការអាមេរិក-រុស្ស៉ី មានការកើនឡើង ក្រោយការរត់ប្រណាំងវិស័យអវកាស អំលុងសម័យសង្រ្គាមត្រជាក់។
គួរបញ្ជាក់ថា សម្រាប់ពេលនេះ បណ្តាដៃគូនៃកម្មវិធី ISS រួមមានសហរដ្ឋអាមេរិក រុស្ស៉ី អឺរ៉ុប កាណាដា និងជប៉ុន គឺប្តេជ្ញាធ្វើប្រតិបត្តិការស្ថានីយអវកាសនេះ ដល់ឆ្នាំ២០២៤ប៉ុណ្ណោះ ប៉ុន្តែក្រុមមន្រ្តីអាមេរិកធ្លាប់បានអះអាងថា ពួកគេចង់បន្តរហូតដល់ឆ្នាំ២០៣០។ កាលពីមេសា ឆ្នាំនេះ រុស្ស៉ីបាននិយាយថា ខ្លួនមានបំណងចង់ប្រើប្រាស់ស្ថានីយ ISS រហូតដល់ឆ្នាំ២០២៨ ខណៈមុនពេលនោះ ទីក្រុងមូស្គូបានប្រកាសថា នឹងចាកចេញនៅក្រោយឆ្នាំ២០២៤៕
រូបភាពពីទីភ្នាក់ងារអវកាសអាមេរិក NASA