(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ សហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មថ្មីទៀត ទៅលើក្រុមផ្តល់សេវាកម្មប្តូរប្រាក់ពីប្រទេសយេម៉ែន និងតួកគី ដោយចោទប្រកាន់ថាបានជួយផ្តល់មូលនិធិដល់ក្រុមហ៊ូទី ដែលកំពុងប្រព្រឹត្តសកម្មភាពវាយប្រហារលើកប៉ាល់ពាណិជ្ជកម្ម នៅឯភាគខាងត្បូងនៃតំបន់សមុទ្រក្រហម។ នេះបើយោងតាមការចេញផ្សាយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០២៣។

ទណ្ឌកម្មត្រូវបានដាក់ទៅលើប្រធានក្រុមហ៊ុនហិរញ្ញវត្ថុមួយ នៅក្នុងទីក្រុងសាណា រួមទាំងទីតាំងប្តូរប្រាក់ចំនួន ៣ទៀត នៅក្នុងប្រទេសយេម៉ែន និងតួកគី។ បើតាមការចោទប្រកាន់របស់ក្រសួងហិរញ្ញវត្ថុអាមេរិក មានក្រុមមនុស្ស និងក្រុមហ៊ុនមួយចំនួន ជួយផ្ទេរប្រាក់រាប់លានដុល្លារទៅឲ្យក្រុមហ៊ូទី តាមការណែនាំរបស់ឈ្មួញកណ្តាលអ៉ីរ៉ង់។ ទណ្ឌកម្មថ្មីនេះ ក៏នឹងរារាំងការចូលទៅកាន់ទ្រព្យសម្បត្តិ និងបើកគណនីធនាគារនៅក្នុងសហរដ្ឋអាមេរិក ក៏ដូចជារារាំងមិនឲ្យបុគ្គល ឬក្រុមហ៊ុនធ្វើអាជីវកម្មជាមួយជនជាតិអាមេរិកផងដែរ។

គួរបញ្ជាក់ថា កាលពីដើមខែធ្នូនេះ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើបុគ្គល និងក្រុមហ៊ុនចំនួន ១៣រួចមកហើយ ដោយចោទថាបានផ្តល់ប្រាក់រាប់លានដុល្លារពីការលក់ និងដឹកជញ្ជូនទំនិញអ៉ីរ៉ង់ទៅឲ្យក្រុមហ៊ូទីនៅយេម៉ែន៕

រូបភាពពី AFP