(វ៉ាស៉ីនតោន)៖ កាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅអាមេរិក) យន្តហោះអាថ៌កំបាំង X-37B ដែលគ្មានមនុស្សបើកផ្ទាល់ របស់យោធាអាមេរិក ត្រូវបានបញ្ជូនចេញពីរដ្ឋ Florida ដើម្បីទៅបំពេញបេសកកម្មក្នុងទីអវកាស ជាលើកទី៧។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០២៣។

ការចេញបេសកកម្មរបស់យន្តហោះ X-37B ធ្វើឡើង នៅរយៈពេលត្រឹមតែ២សប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីយន្តហោះរ៉ូបូតរបស់ចិន ហៅថា Shenlong ឬ Divine Dragon ត្រូវបានបញ្ជូនឱ្យទៅបំពេញបេសកកម្មទី៣របស់វា នៅក្នុងទីអវកាស គិតចាប់តាំងពីឆ្នាំ២០២០មក។ មន្ទីរបញ្ចកោណបានបង្ហើបឱ្យដឹង អំពីព័ត៌មានលម្អិតតិចតួចបំផុត ស្តីពីបេសកកម្មរបស់យន្តហោះដ៏អាថ៌កំបាំងនេះ ដែលប្រព្រឹត្តទៅដោយ​កងកម្លាំងអវកាសអាមេរិក នៅក្រោមកម្មវិធីអវកាសសន្តិសុខជាតិរបស់យោធាអាមេរិក។

គួរបញ្ជាក់ថា យន្តហោះ X-37B ជាផលិតផលរបស់ក្រុមហ៊ុន Boeing ហើយវាមានទំហំប្រហាក់ប្រហែល រថយន្តក្រុងធុនតូច១គ្រឿង និងមានរូបរាងស្រដៀងយានអវកាស Space Shuttle ដែលសហរដ្ឋអាមេរិក ធ្លាប់ប្រើប្រាស់ដើម្បីបញ្ជូនមនុស្សឡើងទៅទីអវកាស។ គិតចាប់តាំងពីឆ្នាំ២០១០មក យន្តហោះ X-37B ធ្លាប់បំពេញបេសកកម្មសរុប៦លើក។ បេសកកម្មលើកចុងក្រោយបំផុតរបស់វា ត្រូវបានធ្វើឡើងកាលពីខែឧសភា ឆ្នាំ២០២០ ហើយបានប្រព្រឹត្តទៅរហូតដល់រយៈពេលជាង២ឆ្នាំ មុនវិលត្រឡប់ចុះមកកាន់ផ្ទៃផែនដីវិញ។ សម្រាប់​បេសកកម្មលើកទី៧ យន្តហោះ X-37B ត្រូវគេរំពឹងថា ទំនងជានឹងស្ថិតក្នុងទីអវកាសរហូតដល់ខែមិថុនា ឆ្នាំ២០២៦ ឬយូរជាងនេះ៕

រូបភាពពី Reuters