(ប៉េកាំង)៖ ចិន កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូនេះបាននិយាយថាខ្លួននឹងមិនឈរឱបដៃមើលហ្វីលីពីន បង្ករឿង និងបំពានម្ដងហើយម្ដងទៀត នោះទេ នៅចំពោះមុខភាពតានតឹងកាន់តែឡើងកម្ដៅរវាងប្រទេសទាំង២ ក្នុងតំបន់សមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ទីក្រុងម៉ានីល កាលពីដើមខែធ្នូនេះ បានចោទប្រកាន់ថានាវាឆ្មាំសមុទ្រចិនបានប្រើកាណុងបាញ់ទឹកជារឿយៗដាក់ទូករបស់ខ្លួន អំឡុងធ្វើបេសកកម្មផ្គត់ផ្គង់ ឡើងវិញ ដោយបង្កឱ្យម៉ាស៊ីនរបស់ទូកមួយគ្រឿងខូចខាតធ្ងន់ធ្ងរ និងមានចេតនាបើកបំបុកទូកហ្វីលីពីន។ ប៉ុន្តែ ដោយចាត់ទុកការចោទប្រកាន់នេះជាការ បំផ្លើសព័ត៌មានមិនពិត លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិចិន បាននិយាយថាភាគីហ្វីលីពីនតែងតែបញ្ជូននាវាបំពានចូលដែនទឹកនៅក្បែរ តំបន់ថ្មប៉ប្រះទឹកមានវិវាទមួយ និងបង្កគ្រោះថ្នាក់ដល់នាវាឆ្មាំសមុទ្រចិន។

នៅឯសន្និសីទសារព័ត៌មានមួយ អ្នកនាំពាក្យរូបនេះក៏បានអះអាងដែរថាឆ្មាំសមុទ្រចិនតែងតែចាត់វិធានការចាំបាច់នានាប្រកបដោយភាពត្រឹមត្រូវ និងស្របច្បាប់។ «ចិនតែងតែប្ដេជ្ញាចិត្តដោះស្រាយការខ្វែងគំនិតគ្នាតាមរយៈកិច្ចសន្ទនា និងការពិគ្រោះយោបល ព្រមទាំងបង្កើតកិច្ចប្រឹងប្រែងរួមគ្នាដើម្បី ថែរក្សាការពារស្ថិរភាពសមុទ្រ។ ប៉ុន្តែយើងនឹងមិនឈរឱបដៃមើលហ្វីលីពីនបង្ករឿង និងបំពានម្ដងហើយម្ដងទៀតនោះឡើយ»។ នេះជាការបញ្ជាក់បន្ថែម របស់លោក Wu Qian។

គួរបញ្ជាក់ថា យោធាហ្វីលីពីន តាមរយៈអ្នកនាំពាក្យរបស់ខ្លួន បានបញ្ជាក់កាលពីដើមសប្ដាហ៍នេះថាទីក្រុងម៉ានីល មិនមែនកំពុងបង្កជម្លោះណាមួយក្នុង តំបន់សមុទ្រចិនខាងត្បូងឡើយ ក្រោយប្រព័ន្ធផ្សាយរដ្ឋចិនចោទថាហ្វីលីពីនថាកំពុងពឹងផ្អែកលើការគាំទ្រពីសហរដ្ឋអាមេរិក ដើម្បីបន្តរករឿងចិន។
ភាពតានតឹង ក្នុងទំនាក់ទំនងរវាងហ្វីលីពីន និងចិន ជុំវិញបញ្ហាសមុទ្រចិនខាងត្បូង បានកើនឡើងខ្លាំង នៅក្រោមការដឹកនាំរបស់ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr ដែលមានទំនោរងាករទៅរកសហរដ្ឋអាមេរិក៕