(វ៉ាស៊ីនតោន)៖ នាវាចម្បាំងមួយគ្រឿងរបស់សហរដ្ឋអាមេរិក បានបាញ់ទម្លាក់យន្ដហោះដ្រូនមួយគ្រឿង និងមីស៊ីលបាលិស្ទីគប្រឆាំងនាវាចម្បាំងមួយគ្រាប់ ត្រូវបានបាញ់ចេញដោយក្រុមហ៊ូទីយេម៉ែន ដែលមានអ៉ីរ៉ង់ជាខ្នងបង្អែក។ នេះបើតាមយោធាអាមេរិក ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០២៣។

ក្រុមហ៊ូទី ត្រូវបានរាយការណ៍ថាបានបើកការវាយប្រហារជាបន្តបន្ទាប់លើនាវា ឬកប៉ាល់ដឹកទំនិញនៅក្នុងតំបន់សមុទ្រក្រហម ដោយក្រុមនេះអះអាងថា ការវាយប្រហាររបស់ខ្លួនគឺជាការបង្ហាញសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន ក្នុងតំបន់ហ្កាហ្សាជាទីដែលអ៉ីស្រាអែល កំពុងធ្វើសង្រ្គាមប្រឆាំងក្រុមហាម៉ាស។

ក្នុងសេចក្ដីថ្លែងការណ៍មួយ បញ្ជាការរដ្ឋានយោធាអាមេរិកទទួលបន្ទុកកិច្ចការតំបន់មជ្ឈិមបូព៌ា និងអាស៊ីកណ្ដាល ឬហៅកាត់ថា CENTCOM បានបញ្ជាក់ ដូច្នេះថា «នាវាពិឃាដអាមេរិក USS Mason បានបាញ់ទម្លាក់យន្ដហោះដ្រូនមួយគ្រឿង និងមីស៊ីលបាលិស្ទីគប្រឆាំងនាវាចម្បាំងមួយគ្រាប់ នៅភាគខាងត្បូង សមុទ្រក្រហម ដែលត្រូវបានបាញ់ដោយក្រុមហ៊ូទី»។ CENTCOM បន្ថែមថាមិនការខូចខាតណាមួយដល់នាវាចំនួន១៨គ្រឿង ក្នុងតំបន់នោះទេ ហើយក៏ មិនមានអ្នករងរបួសនោះដែរ នៅក្នុងការប៉ុនប៉ងវាយប្រហារលើកទី២២ របស់ក្រុមហ៊ូទីចាប់តាំងពីពាក់កណ្ដាលខែតុលាមក។

គួរបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលាមក កងទ័ពអាមេរិកឈរជើងនៅប្រទេសអ៉ីរ៉ាក់ និងស៊ីរី បានរងការវាយប្រហារជាច្រើនលើក ពីយន្ដហោះដ្រូន និងគ្រាប់រ៉ុក្កែតដែលទីក្រុងវ៉ាស៊ីនតោនថាបាញ់ដោយចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់ក្នុងតំបន់។

តួយ៉ាង កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ការវាយប្រហារដោយយន្ដហោះដ្រូនមួយ បានបណ្ដាលឱ្យកងទ័ពអាមេរិក ៣នាក់ នៅភាគខាងជើងប្រទេសអ៉ីរ៉ាក់រងរបួស ហើយភ្លាមនោះ យោធាអាមេរិកបានបើកការវាយប្រហារសងសឹកលើមូលដ្ឋានចំនួន៣ ដែលត្រូវបានប្រើប្រាស់ដោយចលនាប្រដាប់អាវុធគាំទ្រ ដោយអ៉ីរ៉ង់នៅក្នុងប្រទេសអ៉ីរ៉ាក់។ ប៉ុន្តែ អ៉ីរ៉ាក់ក៏បានថ្កោលទោសការវាយប្រហាររបស់សហរដ្ឋអាមេរិក ក្នុងទឹកដីរបស់ខ្លួនផងដែរ៕

នាវាពិឃាដអាមេរិក USS Mason ដោយ Reuters