(អាម៉ាន់)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី បានរាយការណ៍ថាអ៉ីស្រាអែលបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសលើមូលដ្ឋានការពារដែនអាកាស ដ៏សំខាន់មួយស្ថិតនៅភាគខាងត្បូងនៃប្រទេសស៊ីរី កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នៅក្នុងការវាយប្រហារចុងក្រោយបំផុតមួយចាប់តាំងពីសង្រ្គាម ក្នុងតំបន់ហ្កាហ្សាផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលាមក។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០២៣។

ដោយផ្អែកលើប្រភពពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ និងយោធាស៊ីរី ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរីដំបូងឡើយបានឱ្យដឹងថាមីស៊ីលជាច្រើនគ្រាប់ត្រូវបាន បាញ់ចេញពីតំបន់ Golan Heights គ្រប់គ្រងដោយអ៉ីស្រាអែល តម្រង់ឆ្ពោះទៅកាន់ទីតាំងជាច្រើន។ តែមិនបានបញ្ជាក់ពីអត្តសញ្ញាណគោលដៅនៃ ការវាយប្រហារទាំងនោះឡើយ។ តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរីដដែល ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍ ត្រូវបាន ជឿជាក់ថាមានគោលដៅលើមូលដ្ឋានការពារដែនអាកាសមួយរបស់ស៊ីរី និងស្ថានីយរ៉ាដាមួយ ក្នុងតំបន់ Tel al-Sahn នៃខេត្ត Sweida ស្ថិតនៅ ភាគខាងត្បូងប្រទេសស៊ីរី។ ភ្លាមៗ មិនមានការបញ្ជាក់លម្អិតពីការខូចខាត ឬក៏ជនរងគ្រោះណាម្នាក់នោះទេ។

គួរបញ្ជាក់ថា កាលពីខែវិច្ឆិកា ប្រព័ន្ធការពារដែនអាកាសក្នុងតំបន់ el Qulaib និង Tel Maseeh នៃភាគខាងត្បូងប្រទេសស៊ីរី ក៏បានរងការវាយប្រហារជាច្រើនដែលទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ស៊ីរី អះអាងថាជាស្នាដៃរបស់អ៉ីស្រាអែលផងដែរ៕

រូបភាពពី AFP