(វ៉ាស៊ីនតោន)៖ មន្ត្រីបោះឆ្នោតកំពូលនៅក្នុងរដ្ឋ Maine របស់សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានសម្រេចហាមមិនឱ្យអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឈរឈ្មោះក្នុងការបោះឆ្នោតបឋមឆ្នាំ២០២៤ នៅក្នុងរដ្ឋរបស់ខ្លួនឡើយ ជាការសម្រេចចិត្តមួយធ្វើឡើងដោយផ្អែកលើច្បាប់វិសោធនកម្មទី១៤ ជុំវិញតួនាទីរបស់លោក ក្នុងព្រឹត្តិការណ៍វាយប្រហារលើវិមាន Capitol កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០២៣។

ក្នុងសេចក្ដីសម្រេចមួយមានកម្រាស់ ៣៤ទំព័រ លេខាធិការរដ្ឋ Maine លោកស្រី Shenna Bellows ជាអ្នកប្រជាធិបតេយ្យម្នាក់ បានធ្វើការសន្និដ្ឋានថាលោក ត្រាំ ដែលជាបេក្ខជនលេចធ្លោជាងគេក្នុងចំណោមបេក្ខជនប្រធានាធិបតីអាមេរិកតំណាងឱ្យគណបក្សសាធារណរដ្ឋ បានប្រព្រឹត្តទង្វើញុះញង់ឱ្យមានការបះបោរ នៅពេល ដែលលោកសាបព្រោះព័ត៌មានក្លែងក្លាយជុំវិញការអះអាងពីលួចបន្លំសន្លឹកឆ្នោតធ្វើឱ្យរូបលោកចាញ់លោក ចូ បៃដិន ក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០២០ និងបានជំរុញឱ្យអ្នកគាំទ្ររបស់លោកធ្វើដំណើរទៅកាន់វិមាន Capitol ដើម្បីរារាំងមិនឱ្យតំណាងរាស្ត្របញ្ជាក់ជាផ្លូវការពីជ័យជម្នះរបស់លោក បៃដិន។

ប៉ុន្តែ ព្រមពេលជាមួយគ្នា លោកស្រី Shenna Bellows បានផ្អាកការចូលធរមាននៃការសម្រេចចិត្តរបស់លោកស្រី ដើម្បីបើកផ្លូវឱ្យលោក ត្រាំ ប្ដឹងជំទាស់ទៅកាន់ តុលាការកំពូលប្រចាំរដ្ឋ Maine ខណៈក្រុមមេធាវីលោក ត្រាំ និយាយថាពួកគេនឹងប្ដឹងជំទាស់។

គួរបញ្ជាក់ថា ការសម្រេចចិត្តខាងលើ បានធ្វើឱ្យរដ្ឋ Maine ក្លាយជារដ្ឋទី២ របស់សហរដ្ឋអាមេរិកដែលបានហាមមិនឱ្យលោក ដូណាល់ ត្រាំ ឈរឈ្មោះក្នុង ការបោះឆ្នោតបឋម ឬការបោះឆ្នោតជ្រើសរើសបេក្ខជនប្រធានាធិបតីខាងបក្សសាធារណរដ្ឋនៅឆ្នាំ២០២៤ បន្ទាប់ពីតុលាការកំពូលប្រចាំរដ្ឋ Colorado។

ការសម្រេចរបស់រដ្ឋ Maine និងរដ្ឋ Colorado គឺធ្វើឡើងដោយផ្អែកលើផ្នែកទី៣ នៃច្បាប់វិសោធនកម្មទី១៤ ដែលកំណត់ពីការហាមឃាត់អ្នកដែលចូលរួម ក្នុងសកម្មភាពឧទ្ទាម ឬការបះបោរ មិនឱ្យកាន់តំណែងនៅសេតវិមាន។ លោក ដូណាល់ ត្រាំ ត្រូវបានគេចោទប្រកាន់ថាបានប្រព្រឹត្តល្មើសរដ្ឋធម្មនុញ្ញ ពាក់ព័ន្ធនឹងតួនាទីរបស់លោកអំឡុង ការវាយប្រហារលើវិមាន Capitol ពីសំណាក់ក្រុមអ្នកគាំទ្ររបស់លោក កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ដែលត្រូវបានចាត់ទុកថាជាសកម្មភាពបះបោរ៕

រូបភាពពី Reuters