(ហ្សឺណែវ)៖ អង្គការសហប្រជាជាតិបាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ស្ថានភាពសិទ្ធិមនុស្សនៅតំបន់ West Bank កំពុងធ្លាក់ដុនដាបខ្លាំង ហើយបានជំរុញឱ្យអ៊ីស្រាអែល «បញ្ចប់ការសម្លាប់ដោយខុសច្បាប់» ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។
របាយការណ៍មួយដែលបានចេញផ្សាយកនៅថ្ងៃព្រហស្បតិ៍នេះ បានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់ចំពោះការប្រើប្រាស់អាវុធ និងមធ្យោបាយយោធាក្នុងអំឡុងពេលអនុវត្តច្បាប់ និងបញ្ឈប់ការឃុំខ្លួនតាមអំពើចិត្ត ការធ្វើទុក្ខបុកម្នេញ និងការរើសអើងប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីននៅតំបន់ West Bank។
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Türk បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការប្រើប្រាស់យុទ្ធសាស្ត្រយោធា និងអាវុធនៅក្នុងបរិបទនៃការអនុវត្តច្បាប់ ការប្រើប្រាស់កម្លាំងដែលមិនចាំបាច់ ឬមិនសមាមាត្រ និងការអនុវត្តចាប់ទូលំទូលាយពេកតាមអំពើចិត្ត និងការរើសអើង បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជនប៉ាឡេស្ទីន»។ លោកបានសង្កត់ធ្ងន់ថា «ភាពតានតឹងនៃអំពើហិង្សា និងការគាបសង្កត់ជាអ្វីដែលយើងមិនធ្លាប់ឃើញក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ»។
របាយការណ៍នេះបានលើកឡើងអំពីស្ថានភាពសិទ្ធិមនុស្ស នៅតំបន់ West Bank និង Jerusalem ខាងកើត ដែលអ៊ីស្រាអែលបានដាក់បញ្ចូលតាំងពីថ្ងៃទី ៧ ខែតុលា។
គួរបញ្ជាក់ថា សង្គ្រាមបង្ហូរឈាមបំផុតបានផ្ទុះឡើងនៅតំបន់ហ្គាហ្សា នៅពេលដែលក្រុមហាម៉ាស់បានវាយឆ្មក់ភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ហើយបានសម្លាប់មនុស្សប្រហែល ១,១៤០ នាក់ ដែលភាគច្រើនជាជនស៊ីវិល នេះបើយោងតាមការបូកសរុបដែលរៀបចំដោយទីភ្នាក់ងារសារព័ត៌មានបារាំង ដោយផ្អែកលើតួលេខរបស់អ៊ីស្រាអែល។
អ៊ីស្រាអែលបានបើកការទម្លាក់គ្រាប់បែកតាមផ្លូវអាកាសយ៉ាងច្រើនសន្ធឹកសន្ធាប់ និងការឡោមព័ទ្ធ បន្ទាប់មកបើកការវាយប្រហារតាមផ្លូវគោក។ យុទ្ធនាការនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២១,១១០ នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ នេះបើយោងតាមក្រសួងសុខាភិបាលហ្គាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាស៕
រូបភាពពី AFP