(ប៉េកាំង)៖ ក្រសួងការពារជាតិចិននៅថ្ងៃព្រហស្បតិ៍ (ទី២៨ ខែធ្នូ) បានរិះគន់សហរដ្ឋអាមេរិកខ្លាំងៗ ដោយបានលើកឡើងថា សហរដ្ឋអាមេរិកបន្តការជ្រៀតជ្រែកក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយនៅរក្សាផ្នត់គំនិត «សង្គ្រាមត្រជាក់»។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។

ការរិះគន់នេះ ធ្វើឡើងតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីមន្ត្រីយោធាកំពូលនៃប្រទេសមហាអំណាចទាំងពីរ បានបន្តកិច្ចចរចាកម្រិតខ្ពស់។ ពួកគេបានសន្យានៅក្នុងកិច្ចពិភាក្សាថា នឹងខិតខំប្រឹងប្រែងស្តារទំនាក់ទំនងឡើងវិញ ដើម្បីជៀសវាងការគណនាខុស និងការយល់ច្រឡំ ហើយសហរដ្ឋអាមេរិកបានអំពាវនាវឱ្យមាន «ការងារបន្ថែមទៀត» ដើម្បីធានាថាទំនាក់ទំនងយោធានៅតែបើកចំហ និងអាចទុកចិត្តបាន។

ប៉ុន្តែអ្នកនាំពាក្យក្រសួងការពារជាតិរបស់ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានបញ្ចេញសម្លេងរិះគន់ខ្លាំងៗលើសហរដ្ឋអាមេរិក ក្នុងសន្និសីទសារព័ត៌មានប្រចាំឆ្នាំចុងក្រោយរបស់ខ្លួន។

អ្នកនាំពាក្យ លោក Wu Qian បាននិយាយដូច្នេះថា «សហរដ្ឋអាមេរិកបន្តពង្រីកការដាក់ពង្រាយយោធាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាមួយនឹងគំនិតពោរពេញទៅដោយស្មារតីនៃសង្គ្រាមត្រជាក់»។ លោកសង្កត់ធ្ងន់ទៀថា «គោលបំណងគឺដើម្បីបម្រើផលប្រយោជន៍អាត្មានិយម រក្សាអនុត្តរភាព និងបង្កឱ្យមានការប្រឈមមុខដាក់គ្នា»៕