(ហ្គាហ្សា)៖ ក្រសួងសុខាភិបាលនៅហ្គាហ្សាបានរាយការណ៍ឱ្យដឹងថា មនុស្សជាង ៥០ នាក់ទៀត ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលទៅលើទីក្រុង Beit Lahia, Khan Yunis និង Al-Maghazi នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។

អ្នកនាំពាក្យក្រសួង លោក Ashraf Al-Qudra បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្សរាប់សិបនាក់បានរងរបួសនៅក្នុងការវាយប្រហារ ខណៈដែលចំនួនអ្នកស្លាប់អាចនឹងកើនឡើង។

យោងតាមទីភ្នាក់ងារព័ត៌មាន Wafa បានឱ្យដឹងថា មនុស្សជាង ៣០ នាក់បានស្លាប់នៅក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ទៅលើទីលានលំនៅឋានមួយកន្លែងនៅទីក្រុង Beit Lahia ភាគខាងជើង នៃតំបន់ហ្គាហ្សាស្ទ្រីប។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្តាហ៍នេះ ក្រសួងសុខាភិបាលប៉ាឡេស្ទីនក៏បានរាយការណ៍ថា កងទ័ពអ៊ីស្រាអែលបានបង្កើនការវាយប្រហារទាំងផ្លូវគោក ផ្លូវសមុទ្រ និងផ្លូវអាកាសកាន់តែខ្លាំងឡើង នៅកណ្តាលតំបន់ហ្គាហ្សាដោយបានសម្លាប់មនុស្សជិត ២០០នាក់ផងដែរ ក្នុងជម្លោះរយៈពេល ១១ សប្តាហ៍កន្លងមកនេះ បន្ទាប់ពីមេយោធាអ៊ីស្រាអែលបាននិយាយថា សង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាស នឹងអូសបន្លាយជាច្រើនខែទៅមុខទៀត៕

រូបភាពពី Reuters