(ម៉ិកស៉ីកូ)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ ម៉ិកស៉ិកបានប្រកាសពីការសម្រេចបាននូវកិច្ចព្រមព្រៀងដ៏សំខាន់ជាមួយសហរដ្ឋអាមេរិក តែមិនបានបញ្ជាក់លម្អិតថាជាកិច្ចព្រមព្រៀងអ្វីនោះទេ បន្ទាប់ពីមានកិច្ចពិភាក្សាដែលក្រុមមន្ត្រីអាមេរិក ព្យាយាមផ្តោតលើការទប់ស្កាត់ ការធ្វើចំណាកស្រុកខុសច្បាប់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូ ឆ្នាំ២០២៣។

រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានដឹកនាំកិច្ចពិភាក្សាបិទទ្វារ ហើយរដ្ឋមន្រ្តីការបរទេសម៉ិកស៉ិក លោកស្រី Alicia Barcena បានប្រាប់អ្នកសារព័ត៌មានថា លោកស្រីបានជំរុញដល់ក្រុមមន្ត្រីអាមេរិក ឲ្យបន្ធូរបន្ថយការរឹតត្បិតដែលនៅសេសសល់ លើបញ្ហាពាណិជ្ជកម្មឆ្លងកាត់ព្រំដែន។

នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ប្រធានាធិបតីម៉ិកស៉ិក លោក Andres Manuel Lopez បានសាទរចំពោះអ្វីដែលលោកហៅថាជា «កិច្ចព្រមព្រៀងដ៏សំខាន់» បន្ទាប់ពីកិច្ចពិភាក្សាជាមួយមន្ត្រីសហរដ្ឋអាមេរិក ដោយមិនបញ្ជាក់ព័ត៌មានលម្អិត។ ខុសពីលោក Lopez Obrador លោកស្រីរដ្ឋមន្រ្តីការបរទេស Barcena បានពណ៌នាអំពីការបើកច្រកឆ្លងកាត់ឡើងវិញថាជាគោលដៅ «អាទិភាព» សម្រាប់ម៉ិកស៉ិក ហើយថាបញ្ហាសេដ្ឋកិច្ចក៏ជាមូលហេតុនៃការធ្វើចំណាកស្រុក។

គួរបញ្ជាក់ថា រដ្ឋបាលលោក ចូ បៃដិន កំពុងស្នើឲ្យប្រធានាធិបតីម៉ិកស៉ិក ជួយកាត់បន្ថយចំនួនជនចំណាកស្រុកក្នុងអត្រាដ៏ច្រើន ដែលចង់ចូលមកកាន់សហរដ្ឋអាមេរិក ហើយដែលនេះជាបញ្ហាសំខាន់មួយ សម្រាប់អ្នកបោះឆ្នោតនៅសហរដ្ឋអាមេរិក៕